Social Network

រដ្ឋធានីកាប៊ុលត្រលប់រកភាពប្រក្រតី ក្រោយក្រុមតាលីបង់ប្រកាស លើកលែងទោសដល់គ្រប់គ្នា និងជំរុញឲ្យប្រជាជនចូលធ្វើការ និងរស់នៅដូចធម្មតា

 (កាប៊ុល)៖ ភាពប្រក្រតីត្រូវបានគេមើលឃើញថា បានកើតមានឡើងនៅរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថានវិញហើយ បន្ទាប់ពីក្រុមតាលីបង់នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសលើកលែងទោសជាទូទៅ ដល់មន្ត្រីរដ្ឋាភិបាលមុនទាំងអស់ និងជំរុញឲ្យពួកគេចូលធ្វើការងារដូចធម្មតាវិញ ហើយចាប់ផ្តើមជីវិតរស់នៅដូចធម្មតា។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ក្រៅពីការលើកលែងទោស និងជំរុញឲ្យប្រជាជនប្រកបរបររស់នៅ ដូចប្រក្រតីឡើងវិញនេះ ក្រុមតាលីបង់ក៏ជំរុញឲ្យស្ត្រី ចូលរួមជាមួយរដ្ឋាភិបាលខ្លួនផងដែរ។

អ្នកនាំពាក្យក្រុមតាលីបង់លោក ហ្សាប៊ីហាល់ឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានបង្ហោះសារលើគណនី Twitter របស់ខ្លួនថា «រដ្ឋធានីកាប៊ុលបានស្ថិតក្នុងការគ្រប់គ្រងទាំងស្រុង ដោយក្រុមតាលីបង់ហើយ។

ការអនុវត្តច្បាប់ និងសណ្តាប់ធ្លាប់ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងនេះ»។ លោក Mujahid បានបញ្ជាក់ឲ្យដឹងទៀតថា អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន គឺសុទ្ធតែស្ថិតនៅក្នុងសុវត្ថិភាព។ ដោយឡែកមនុស្សសរុប ២០០នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ក្រោយពីពួកគេបានចូលរួមលួចរថយន្ត និងទ្រព្យសម្បត្តិរដ្ឋជាច្រើនទៀត។

អ្នកនាំពាក្យខាងលើនេះបានពាំនាំជាថ្មីនូវបទបញ្ជា ចេញដោយរបបដឹកនាំក្រុមតាលីបង់ យ៉ាងច្បាស់លាស់ដូច្នេះថា «គ្មាននរណាម្នាក់មានសិទ្ធិ ក្នុងការចូលទៅក្នុងគេហដ្ឋានរបស់អ្នកដទៃ ដោយគ្មានការអនុញ្ញាតនោះឡើយ។ អាយុជីវិត ទ្រព្យសម្បត្តិ និងកិត្តិយសរបស់ប្រជាជន ត្រូវតែស្ថិតក្នុងការពារ ដោយមិនត្រូវឲ្យមានការយាយីជាដាច់ខាត»។

គួរបញ្ជាក់ថា គិតចាប់តាំងពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅទីក្រុងកាប៊ុល) ការហោះហើរនៃយន្តហោះយោធា នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមឡើងវិញជាធម្មតា ហើយយន្តហោះយោធាបរទេស បានចូលមកដឹកជញ្ជូនពលរដ្ឋរបស់ពួកគេ និងអ្នកដែលទទួលបានសិទ្ធិជ្រកកោន នៅបរទេសនោះជាបណ្តើរៗ។

ការហោះហើរត្រូវបានផ្អាកជាបណ្តោះអាសន្ន កាលពីថ្ងៃចន្ទម្សិលមិញនេះ បន្ទាប់ពីភាពចលាចលបានកើតឡើង ព្រោះតែមនុស្សម្នានាំគ្នាសម្រុកទៅកាន់ព្រលានយន្តហោះ ដើម្បីចាកចេញពីប្រទេសនេះ។

កាលពីថ្ងៃចន្ទដដែល សមាជិកក្រុមតាលីបង់មួយចំនួនត្រូវបានគេដឹងថា បានគ្រប់គ្រងបវិវេណខាងក្រៅ នៃអាកាយានដ្ឋានទីក្រុងកាប៊ុល ខណៈដែលកងទ័ពអាមេរិករាប់ពាន់នាក់ កំពុងស្ថិតនៅខាងក្នុងព្រលាន ដើម្បីជួយជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន។

យ៉ាងណាក៏ដោយ មនុស្ស ១០នាក់ត្រូវបានគេរាយការណ៍ថា ស្លាប់ដោយសារតែការរត់ជាន់គ្នា និងការបាញ់បោះ អំលុងពេលចលាចលកើតឡើងក្នុងព្រលាន កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ៕

ដកស្រង់ពី៖ Fresh News