Social Network

ការកើនឡើងតម្លៃទំនិញ ការបិទធនាគារគឺបន្ថែមភាពវេទនាសម្រាប់ទីក្រុងកាប៊ុល

 មួយសប្តាហ៍ បន្ទាប់ពីការកាន់កាប់លឿនដូចរន្ទះរបស់ក្រុមតាលីបង់ នៅទីក្រុងកាប៊ុល មនុស្សកាន់តែច្រើនឡើងនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន កំពុងប្រឈមមុខនឹងការតស៊ូជារៀងរាល់ថ្ងៃ ដោយបានបាត់បង់ការងាររបស់ពួកគេ ធនាគារនៅតែបិទទ្វារ និងតម្លៃម្ហូបអាហារកើនឡើង។

ហ្វូងមនុស្សរាប់ពាន់នាក់នៅខាងក្រៅច្រកចូលអាកាសយានដ្ឋាន និងការវាយគ្នាដណ្តើមកៅអីនៅលើយន្តហោះ ចេញពីទីក្រុងកាប៊ុល បានផ្តល់នូវរូបភាពគួរឱ្យភ្ញាក់ផ្អើលបំផុតនៃភាពចលាចលនៅក្នុងទីក្រុង ចាប់តាំងពីរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច បានដួលរលំ។

ប៉ុន្តែប៉ុន្មានថ្ងៃកន្លងផុតទៅ ការព្រួយបារម្ភប្រចាំថ្ងៃអំពីម្ហូបអាហារ និងថ្លៃជួលផ្ទះ កំពុងបន្ថែមភាពមិនច្បាស់លាស់នៅក្នុងប្រទេស ដែលសេដ្ឋកិច្ចផុយស្រួយ ត្រូវបានកំទេចដោយការបាត់ខ្លួននៃការគាំទ្រពីអន្តរជាតិ។

អតីតប៉ូលីសម្នាក់ ដែលឥឡូវកំពុងលាក់ខ្លួន និងបានបាត់បង់ប្រាក់ខែ ២៦០ ដុល្លារក្នុងមួយខែដែលធ្លាប់ទ្រទ្រង់ប្រពន្ធ និងកូនបួននាក់របស់ខ្លួន បាននិយាយថា “ខ្ញុំវង្វេងទាំងស្រុង-ខ្ញុំមិនដឹងថា គួរគិតពីអ្វីមុនគេនោះទេ សុវត្ថិភាព និងការរស់រានមានជីវិតរបស់ខ្ញុំ ឬចិញ្ចឹមកូន និងគ្រួសាររបស់ខ្ញុំ” ។

ដូចបុគ្គលិករដ្ឋាភិបាលថ្នាក់ទាបជាច្រើន ដែលជារឿយៗបានចំណាយពេលយូរ ដោយមិនទទួលបានប្រាក់ឈ្នួល អស់រយៈពេលពីរខែមកហើយដែលរូបលោក មិនបានទទួលបៀវត្ត។ ក្នុងកំឡុងពេលមួយសប្តាហ៍មក លោក បានព្យាយាមលក់ចិញ្ចៀនពីរបីវង់ និងក្រវិលមួយគូរដែលជាកម្មសិទ្ធិរបស់ប្រពន្ធ ប៉ុន្តែដូចជាអាជីវកម្មជាច្រើន ទីផ្សារមាស ត្រូវបានបិទ ហើយលោក មិនអាចរកអ្នកទិញបានទេ។

សូម្បីតែមុនពេលក្រុមតាលីបង់ វាយលុកចូលទីក្រុងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ស្ថានភាពកាន់តែអាក្រក់ទៅៗ ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមបះបោរ តាមបណ្តា ទីរួមខេត្តនានា បានធ្វើអាយតម្លៃរូបិយប័ណ្ណអាហ្វហ្គានីស្ថានក្នុងតំបន់ ធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារ និងជំរុញឱ្យតម្លៃស្បៀងអាហារជាមូលដ្ឋាន មិនធ្លាប់មាន ឡើងខ្ពស់ជាងមុន។

អតីតបុគ្គលិករដ្ឋាភិបាលម្នាក់ ឥឡូវនេះកំពុងលាក់ខ្លួន ព្រោះខ្លាចក្រុមតាលីបង់សងសឹក បាននិយាយថា “អ្វីៗទាំងអស់ គឺដោយសារតែស្ថានភាពប្រាក់ដុល្លារ។ មានហាងលក់ម្ហូបអាហារមួយចំនួន បើក ប៉ុន្តែផ្សារ គឺទទេ” ។

ស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅទូទាំងប្រទេស បានធ្វើឱ្យប្រជាជន ជួបប្រទះភាពលំបាកជាច្រើន និងបានជំរុញមនុស្សរាប់ពាន់នាក់ទៅកាន់ទីក្រុងនានា ដើម្បីរស់ ដោយនៅក្នុងតង់ និងជម្រកបណ្តោះអាសន្ន នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃចន្ទនេះ។