Social Network

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យភោជនីយដ្ឋាន ហាងទំនិញ បើកដំណើរការឡើងវិញនៅរដ្ឋធានីហ្សាកាតា

 ប្រធានាធិបតី Joko Widodo បាននិយាយនៅថ្ងៃច័ន្ទទី ២៣ ខែសីហានេះថា ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើមបើកភោជនីយដ្ឋាន ផ្សារទំនើប និងកន្លែងគោរពបូជានៅក្នុងតំបន់មួយចំនួន រួមទាំងរដ្ឋធានីហ្សាកាតាផងដែរ ខណៈករណីឆ្លងវីរុសថ្មី បានធ្លាក់ចុះយ៉ាងគំហុកពីការកើនឡើងខ្លាំង និងកំណើនការចាក់វ៉ាក់សាំង។

ក្នុងសន្និសីទសារព័ត៌មានតាមវីឌីអូ លោក Widodo បានប្រាប់ថា ចាប់ពីថ្ងៃអង្គារតទៅភោជនីយដ្ឋាន និងកន្លែងគោរពបូជានៅក្នុងផ្នែកនៃប្រទេស ដែលមានប្រជាជនច្រើនបំផុតទី ៤ របស់ពិភពលោក នឹងអាចដំណើរការបាន ២៥ ភាគរយ និងផ្សារទំនើប ៥០ ភាគរយ។

ជាលើកដំបូងចាប់តាំងពីពាក់កណ្តាលខែមិថុនា ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីតិចជាង ១០.០០០ ករណីកាលពីថ្ងៃច័ន្ទ។ ការស្លាប់ប្រចាំថ្ងៃ ក៏ស្ថិតនៅក្រោម ១.០០០ នាក់ជាលើកដំបូង ក្នុងរយៈពេលជាងមួយខែ។

ខណៈពេលដែលករណីឆ្លង បានធ្លាក់ចុះនៅហ្សាកាតា និងផ្នែកខ្លះកោះ Java ការរីករាលដាលយ៉ាងខ្លាំងនៃវីរុស Delta នៅតែបន្តកើនឡើងនៅលើកោះដទៃទៀត នៅក្នុងប្រជុំកោះឥណ្ឌូនេស៊ី រួមទាំងផ្នែកខ្លះនៃកោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ ស៊ូឡាវេស៊ី និងតំបន់ដាច់ស្រយាល Papua។

ទេសរដ្ឋមន្រ្តី Luhut Pandjiatan បានប្រាប់សន្និសីទសារព័ត៌មានដាច់ដោយឡែកមួយ កាលពីថ្ងៃច័ន្ទថា ប្រព័ន្ធរឹតត្បិតការចល័តសង្គមរបស់ឥណ្ឌូនេស៊ី ហៅថា PPKM នឹងនៅតែមាន ដរាបណាមេរោគនេះ នៅតែមាន។

រដ្ឋាភិបាល នឹងវាយតម្លៃស្ថានការណ៍រៀងរាល់សប្តាហ៍ ឬពីរសប្តាហ៍ម្តង ហើយកែសម្រួលកម្រិតនៃការរឹតបន្តឹងតាមនោះ។ PPKM នឹងនៅបន្តអនុវត្ត នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃអង្គារនេះ។