Social Network

ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសវៀតណាមបានពន្យារពេល

 អនុប្រធានាធិបតី Kamala Harris បានជំរុញដំណើរឆ្ពោះទៅប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បន្ទាប់ពីពន្យារពេលដំណើរទស្សនកិច្ចនេះ ដោយសារតែការព្រួយបារម្ភអំពីសុខភាព បង្កដោយឧបទ្ទវហេតុសុខភាព ដែលមិនអាចពន្យល់បាន ទំនងទាក់ទងនឹងរោគសញ្ញា Havana ដ៏អាថ៌កំបាំង។

លោកស្រី Harris ដែលមានបំណងចង់ជួបសម្ព័ន្ធមិត្តប្រឆាំងនឹងចិន បានមកដល់រដ្ឋធានីរបស់ប្រទេសអាស៊ីអាគ្នេយ៍ បន្ទាប់ពីការពន្យាពេលបីម៉ោងនៅសិង្ហបុរី។ សេចក្តីថ្លែងការណ៍មិនប្រក្រតីមួយពីស្ថានទូតអាមេរិកប្រចាំនៅវៀតណាម ដាក់ការបន្ទោសលើ “ឧប្បត្តិហេតុសុខភាពពិសេស ដែលអាចកើតមាននាពេលថ្មីៗនេះ” ចំពោះការពន្យារពេល។

“ឧប្បត្តិហេតុសុខភាពពិសេស” គឺជាពាក្យ ដែលរដ្ឋាភិបាលអាមេរិក ប្រើជាញឹកញាប់ ដើម្បីពិពណ៌នាអំពីរោគសញ្ញា Havana ដែលមានសញ្ញា ដូចជាវិលមុខ ចង់ក្អួត ឈឺ ក្បាលប្រកាំង និងបាត់ការចងចាំ ដូច្នេះឈ្មោះនេះ ត្រូវបានរាយការណ៍ដំបូងដោយមន្រ្តីអាមេរិក ដែលមានមូលដ្ឋាននៅស្ថានទូតអាមេរិកនៅគុយបា ក្នុងឆ្នាំ ២០១៦ ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក បាននិយាយថា “ការិយាល័យអនុប្រធានាធិបតី ត្រូវបានជូនដំណឹងអំពីរបាយការណ៍អំពីឧប្បត្តិហេតុសុខភាពពិសេស ដែលអាចកើតមាននា ពេលថ្មីៗនេះ នៅទីក្រុងហាណូយ-ប្រទេសវៀតណាម” ។

"បន្ទាប់ពីការវាយតម្លៃដោយប្រុងប្រយ័ត្ន ការសម្រេចចិត្ត ត្រូវបានធ្វើឡើង ដើម្បីបន្តដំណើររបស់អនុប្រធានាធិបតី" ដោយមិនបញ្ជាក់លម្អិត។ អ្នកនាំពាក្យរបស់លោកស្រី Harris បានបដិសេធ មិនធ្វើអត្ថាធិប្បាយអំពីមូលហេតុនៃការពន្យារពេលនេះទេ។

CIA អាមេរិក មើលឃើញ “លទ្ធភាពខ្លាំង” ដែលរោគសញ្ញានេះ បណ្តាលមកពីចេតនា ហើយថា រុស្ស៊ី អាចទទួលខុសត្រូវ ប៉ុន្តែកំពុងដកការសន្និដ្ឋានច្បាស់លាស់ រង់ចាំការស៊ើបអង្កេតបន្ថែម។ ទីក្រុងម៉ូស្គូ បានបដិសេធការជាប់ពាក់ព័ន្ធ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃពុធនេះ។