Social Network

អាមេរិកវាយប្រហាររដ្ឋអ៊ីស្លាម នៅទីក្រុងកាប៊ុល ខណៈការដកទ័ពជិតមកដល់

 ប្រភពក្នុងស្រុកមួយ បានបញ្ជាក់ថា ជនស៊ីវិលអាហ្វហ្គានីស្ថាន ៦ នាក់ រួមទាំងកុមារ ៤ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីគ្រាប់រ៉ុក្កែតមួយ ត្រូវបានបាញ់នៅអាកាសយានដ្ឋានក្រុងកាប៊ុល-ជាកន្លែង ដែលជើងហោះហើរជម្លៀស ដឹកនាំដោយអាមេរិក កំពុងបន្ត ប៉ុន្តែមិនបានចំគោលដៅ។

តំណាងប្រជាជននៅសង្កាត់ក្នុងក្រុងកាប៊ុល បានប្រាប់អ្នកយកព័ត៌មាននៅនឹងកន្លែង នោះថា “គ្រាប់រ៉ុក្កែត បានបាញ់ចំផ្ទះមួយនៅសង្កាត់ Khwaja Bughra ដែលជាតំបន់មានប្រជាជនរស់នៅក្នុងសង្កាត់ប៉ូលីស ១៥ ដោយបានសម្លាប់មនុស្សធំ ២ នាក់ និងក្មេង ៤ នាក់” ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤ និង ៥៥ នាទីរសៀល ម៉ោងក្នុងស្រុកនៅតំបន់ខាងលិចព្រលានយន្តហោះអន្តរជាតិ Hamid Karzai។ សាក្សី បាននិយាយថា ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក -ដ្រូន- របស់អាមេរិក បានហោះហើរពីលើទីក្រុង។

យ៉ាងហោចណាស់ មានជនជាតិអាហ្វហ្គានីស្ថាន ១៧០ នាក់ និងទាហានអាមេរិក ១៣ នាក់ត្រូវបានសម្លាប់ និងមនុស្សប្រហែល ២០០ នាក់ បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលបានវាយប្រហារច្រកទ្វារអាកាសយានដ្ឋានខាងកើត កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលហ្វូងមនុស្សយ៉ាងច្រើន កំពុងរង់ចាំជើងហោះហើរជម្លៀស។

ជនរងគ្រោះភាគច្រើន ជាស្ត្រី និងកុមារ ហើយ ISIS-K ដែលជាសម្ព័ន្ធក្នុងតំបន់របស់ក្រុមរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ យន្តហោះរាប់សិបគ្រឿង រួមទាំងយន្តហោះយោធា បានហោះចេញពីអាកាសយានដ្ឋាននៅពេលថ្ងៃកងកម្លាំងអាមេរិក និងសម្ព័ន្ធទាំងអស់ ត្រូវបានគេរំពឹងថា នឹងចាកចេញពីប្រទេសនៅថ្ងៃទី ៣១ ខែសីហា ដែលជាពេលវេលាកំណត់ដែលបានគ្រោងទុក នេះបើតាមការផ្សាយរបស់ Xinhua នៅព្រឹកថ្ងៃចន្ទនេះ។