Social Network

នាវាចម្បាំងអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីសប្តាហ៍មុន

 យោធាអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ-ម្សិលមិញថា នាវាចម្បាំងអាមេរិកមួយគ្រឿង និងកាណាដាមួយគ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីចុងសប្តាហ៍មុន ក្នុងពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងប៉េកាំង និងតៃប៉ិ ដែលបានបង្កឱ្យមានការព្រួយបារម្ភពីអន្តរជាតិ។

គូសបញ្ជាក់ផងដែរថា ប្រទេសចិន តែងអះអាងថា កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យនោះ គឺជាទឹកដីរបស់ខ្លួន ហើយបានដាក់បេសកកម្មទ័ពអាកាសម្តងហើយ-ម្តងទៀតចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ (ADIZ) ក្នុងរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ ដែលបង្កឱ្យមានកំហឹងនៅតៃប៉ិ។

នាវាពិឃាតដើរដោយថាមពលមីស៊ីលប្រភេទ Arleigh Burke ឈ្មោះ USS Dewey បានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកតូចចង្អៀត ដែលបំបែកកោះតៃវ៉ាន់ពីប្រទេសជិតខាងដ៏ធំរបស់ខ្លួន-ចិន រួមជាមួយនាវាចម្បាំង HMCS Winnipeg របស់កាណាដា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

ការធ្វើដំនើរនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូខ្លួនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។ នាវាកងទ័ពជើងទឹកអាមេរិក បានឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ខែ ដើម្បីដុតកំហឹងទីក្រុងប៉េកាំង ដែលបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានបង្កភាពតានតឹងក្នុងតំបន់។

សម្ព័ន្ធមិត្តអាមេរិកម្តងម្កាល ក៏បញ្ជូនកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ រួមទាំងនាវាចម្បាំងអង់គ្លេស កាលពីខែមុនផងដែរ។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះចិនចំនួន ៣ គ្រឿង ដែលជាយន្តហោះប្រយុទ្ធ J -១៦ ចំនួន ២ គ្រឿង និងយន្តហោះប្រឆាំងនាវាមុជទឹកមួយគ្រឿង បានហោះចូលទៅក្នុងតំបន់ ADIZ ម្តងទៀត។

សរុបមកប្រទេសចិន បានបញ្ជូនយន្តហោះប្រហែល ១៥០ គ្រឿង ចូលទៅក្នុងតំបន់ (ADIZ) ក្នុងរយៈពេល ៤ ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា នេះបើតាមការផ្សាយរបស់ CNA/Reuters នៅថ្ងៃចន្ទនេះ។