Social Network

អូស្ត្រាលីប្រកាសទទួលស្គាល់វ៉ាក់សាំងចិន Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN

(កង់បេរ៉ា)៖ ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិនឈ្មោះ Sinopharm និងវ៉ាក់សាំងឥណ្ឌា COVAXIN ដើម្បីត្រួសត្រាយផ្លូវ ទទួលអ្នកដំណើរមកពីអន្តរជាតិឡើងវិញ ដែលនឹងកើតឡើងនៅប៉ុន្មានខែខាងមុខទៀត ខណៈនៅក្នុងខែវិច្ឆិកានេះ គឺជាពេលដែលប្រជាជនអូស្ត្រាលី ដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល់ អាចចាកចេញទៅក្រៅប្រទេសបានឡើងវិញ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអូស្ត្រាលី ABC នៅរសៀលថ្ងៃចន្ទ។ ការចុះបញ្ជីខាងលើនេះ ត្រូវបានទទួលស្គាល់ដោយ រដ្ឋបាលទំនិញវេជ្ជសាស្ត្រនៃប្រទេសអូស្ត្រាលី (TGA)។ គិតមកទល់ពេលនេះ អូស្ត្រាលីបានទទួលស្គាល់វ៉ាក់សាំងចិនចំនួន ២ ហើយនោះគឺ Sinovac និង Sinopharm។ TGA បានឲ្យដឹងទៀតថា ការសម្រេចចិត្តនេះ នឹងជួយសម្រួលដល់ការវិលត្រឡប់របស់និស្សិតអន្តរជាតិ ដែលបានទទួលថ្នាំបង្ការផ្សេងៗគ្នា មកកាន់ប្រទេសអូស្ត្រាលីវិញ។

បន្ថែមពីនេះ ទាំងកម្មករជំនាញ និងមិនជំនាញ ក៏នឹងងាយធ្វើដំណើរមកកាន់ប្រទេសដីកោះនេះផងដែរ។ គួរបញ្ជាក់ថា កន្លងមកនេះប្រទេសអូស្ត្រាលីបានអនុម័តទទួលស្គាល់ វ៉ាក់សាំង Pfizer, Moderna, AstraZeneca និង Johnson & Johnson។

ដោយឡែកសម្រាប់វ៉ាក់សាំងរុស្ស៊ី Sputnik និងវ៉ាក់សាំងចិនមួយទៀតរបស់ក្រុមហ៊ុន CanSino កំពុងស្ថិតក្នុងការត្រួតពិនិត្យនៅឡើយ ដោយសារតែកង្វះទិន្នន័យ។

សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 ក្នុងស្រុកវិញ គឺអូស្ត្រាលីសម្រេចបាន ៣៥.៦លានដូសហើយ ក្នុងនោះប្រជាជន ១៦.៥លាននាក់ (៦៤.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ដកស្រង់ពី៖ Fresh News