Social Network

កូរ៉េខាងត្បូង៖ ដំណើរទស្សនកិច្ចសម្ដេចសង្ឃកាតូលិក ទៅកាន់កូរ៉េខាងជើង គឺអាស្រ័យលើការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង

 (សេអ៊ូល)៖ រដ្ឋមន្ត្រីបង្រួបង្រួមជាតិកូរ៉េខាងត្បូង លោក Lee In-young បាននិយាយថាដំណើរទស្សនកិច្ចរបស់សម្ដេចសង្ឃកាតូលិកប៉ាបហ្រ្វង់ស៊ីស ទៅកាន់ប្រទេស កូរ៉េខាងជើង គឺវាអាស្រ័យទាំងស្រុងទៅលើការសម្រេចចិត្តរបស់ទីក្រុងព្យុងយ៉ាង។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក Lee In-young ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោកប្រធានាធិបតី មូន ចែអ៉ីន បានលើកឡើងជាថ្មីនូវសំណើផ្លូវការមួយ អញ្ជើញសម្ដេចប៉ាបបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង នៅក្នុងជំនួបមួយនៅឯបុរីវ៉ាទីកង់កាលពីសប្ដាហ៍មុន។

លោក មូន ជឿជាក់ដំណើរទស្សនកិច្ចរបស់សម្ដេចប៉ាបនឹងជួយលើកកម្ពស់សន្តិភាពនៅលើ ឧបទ្វីបកូរ៉េ ខណៈសម្ដេចប៉ាបក៏ធ្លាប់បានបញ្ជាក់ពីព្រះទ័យយាងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងផងដែរ។

ប៉ុន្តែបើតាមលោក Lee In-young ដែលបានអមដំណើរ លោក មូន ក្នុងជំនួបជាមួយសម្ដេចប៉ាបដែរនោះ អ្វីៗគឺវាអាស្រ័យទាំងស្រុងលើការសម្រេចចិត្តរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា លោក មូន ចែអ៉ីន ក៏ធ្លាប់បានលើកឡើងនូវសំណើយាងសម្ដេចប៉ាបបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងផងដែរ កាលពីឆ្នាំ២០១៨ តែបានបរាជ័យ ដោយសារតែភាពជាប់គាំងនៃកិច្ចចរចនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

មកទល់នឹងពេលនេះ, របបដឹកនាំលោក គីម ជុងអ៊ុនមិនបានឆ្លើយតបនឹងសំណើអាមេរិកនោះទេពាក់ព័ន្ធនឹងការរៀបចំកិច្ចចរចាឡើងវិញ ដោយចង់ឱ្យទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន៕

ដកស្រង់ពី៖ Fresh News