Social Network

ចិនវាយបកទៅអាមេរិកវិញ៖ «របាយការណ៍មន្ទីរបញ្ចកោណ អំពីក្បាលគ្រាប់នុយក្លេអ៊ែរចិន គឺគ្មានមូលដ្ឋានទាល់តែសោះ»

(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានវាយបកទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ដោយហៅរបាយការណ៍មន្ទីរការពារជាតិអាមេរិកបញ្ចកោណ អំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរចិននោះថា «គ្មានមូលដ្ឋានសោះតែម្តង»។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ការឆ្លើយតបរបស់ចិនខាងលើនេះ បានកើតមានឡើងដោយមិនបង្អង់យូរនោះឡើយ បន្ទាប់ពីមន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានបញ្ចេញរបាយការណ៍ចុងក្រោយមួយ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ប្រទេសចិនកំពុងតែបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ យ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ហើយវានឹងបន្ថយគម្លាតរវាងសហរដ្ឋអាមេរិក។

បើតាមរបាយការណ៍ខាងលើនេះ ក្រុមជំនាញនៃយោធាអាមេរិករំពឹងថា ចិននឹងអាចមាន ក្បាលគ្រាប់នុយក្លេអ៊ែរដែលប្រើការបានចំនួន ៧០០គ្រាប់នៅក្នុងឃ្លាំងត្រឹមឆ្នាំ២០២៧ ហើយនឹងត្រូវបង្កើនរហូតដល់ចំនួន ១,០០០គ្រាប់នៅឆ្នាំ២០៣០។

ចំនួននេះគឺស្មើនឹង ២.៥ដង លើសពីអ្វីដែលមន្ទីរបញ្ចកោណ ធ្លាប់បានធ្វើការប៉ាន់ប្រមាណ នៅក្នុងរបាយការណ៍ចាស់កាលពីមួយឆ្នាំមុន។ ជុំវិញរបាយការណ៍ថ្មីខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន (Wang Wenbin) បានធ្វើការឆ្លើយតបនៅថ្ងៃព្រហស្បតិ៍នេះ ពីរដ្ឋធានីប៉េកាំងយ៉ាងដូច្នេះថា «របាយការណ៍ដែលត្រូវបានបញ្ចេញ ដោយក្រសួងការពារជាតិអាមេរិក ដូចជារបាយការណ៍ដែលស្រដៀងគ្នាពីមុន... វាគឺជាការមិនទទួលស្គាល់ការពិត និងពោពេញដោយភាពគ្មានមូលដ្ឋាន»។

អ្នកនាំពាក្យចិនរូបនេះបានចាត់ទុកទៀតថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់របាយការណ៍ថ្មីនេះ ដើម្បីជំរុញឲ្យមានការជជែកដេញដោល អំពីការគំរាមកំហែងដោយនុយក្លេអ៊ែរចិន ដែលតាមការពិតទៅ គឺសហរដ្ឋអាមេរិកទៅវិញទេទើបជាប្រភពធំបំផុត នៃការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ នៅលើពិភពលោកយើងនេះ៕

ដកស្រង់ពី៖ Fresh News