Social Network

សហរដ្ឋអាមេរិក នឹងផ្តល់មូលនិធិដើម្បីជួយអ្នកកាសែតខ្លួននៅបរទេស ដែលរងសម្ពាធផ្លូវច្បាប់

 (វ៉ាស៉ីនតោន)៖ ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ USAID លោកស្រី សាម៉ាន់តា ផាវវើ (Samantha Power) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិដើម្បីជួយ អ្នកសារព័ត៌មាននៅក្រៅប្រទេស ឱ្យរួចផុតពីសម្ពាធផ្លូវច្បាប់ដែលមានបំណងបំបិទមាត់ពួកគេ ដើម្បីជាផ្នែកមួយនៃយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកស្រី Samantha Power ដែលជាអតីតអ្នកសារព័ត៌មានមួយរូបផ្ទាល់ផងដែរ បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងបង្កើត «មូលនិធិការពារការបរិហារកេរ្តិ៍ជាសកល» ដើម្បីប្រឆាំងនឹង «យុទ្ធសាស្ត្រសាមញ្ញាតែមានប្រសិទ្ធភាព» ដែលត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើង ដើម្បីបំបិទមាត់អ្នកសារព័ត៌មាន។

លោកស្រី Samantha Power បានថ្លែងនៅឯសាកលវិទ្យាល័យ ចចថោន (Georgetown) ថា «យើងនឹងផ្តល់ការធានារ៉ាប់រង ដើម្បីជួយអ្នកសារព័ត៌មាន ឲ្យរួចផុតពីការបរិហារកេរ្តិ៍ ឬការចោទប្រកាន់ដោយគ្មានភុស្តតាងណាមួយ ឬក៏រារាំងមេដឹកនាំផ្ដាច់ការពីការព្យាយាមប្តឹង ដើម្បីបណ្ដេញពួកគេចេញពីអាជីពអ្នកសារព័ត៌មាន»។

លោកស្រី Samantha Power បានថ្លែងបន្ថែមថា ក្រុមលទ្ធិប្រជាធិបតេយ្យចាំបាច់ត្រូវតែបង្កើតច្បាប់ «ខណៈក្រុមផ្ដាច់ការកាន់តែមានអំណាចខ្លាំងឡើង ក្នុងការប៉ុនប៉ងគ្រប់គ្រងនិងបំភ័ន្តប្រជាជន។ យើងត្រូវតែជួយគ្នាគាំទ្រដល់ ប្រព័ន្ធព័ត៌មានសកលមួយ ដែលសេរីនិងយុត្តិធម៌»។

លោកស្រី Power មិនបានគូសបញ្ជាក់អំពីរបៀបដែលមូលនិធិនេះនឹងដំណើរការ ឬថាតើវានឹងជួយគាំទ្រអ្នកសារព័ត៌មាន នៅក្នុងប្រទេស ដែលជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក ដែរឬអត់នោះទេ៕

ដកស្រង់ពី៖ Fresh News