Social Network

ស្ត្រីអាហ្វហ្គានីស្ថាន មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទេ បើគ្មាន ការអមដំណើរដោយសាច់ញាតិបុរស

 អាជ្ញាធរតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ (ទី 26 ខែធ្នូ) ថាស្ត្រី ដែលចង់ធ្វើដំណើរទៅកាន់ទីណា ដែលមានចម្ងាយផ្លូវជាង ៧២គ.ម. មិនគួរត្រូវបានផ្តល់ការដឹកជញ្ជូនទេ លុះត្រាតែពួកគេ ត្រូវបានអមដំណើរដោយសមាជិកគ្រួសារ ពិសេសសាច់ញាតិជាបុរសជិតស្និទ្ធ។

សេចក្តីណែនាំ ដែលចេញដោយក្រសួងលើកកម្ពស់គុណធម៌ និងបង្ការអនុគ្រោះ ក៏បានអំពាវនាវដល់ម្ចាស់យានជំនិះទាំងអស់ ឲ្យផ្តល់ការបញ្ជិះសម្រាប់តែស្ត្រីទាំងឡាយណា ដែលពាក់របាំង hijab ឥស្លាម។

អ្នកនាំពាក្យក្រសួងខាងលើ បានប្រាប់ AFP កាលពីថ្ងៃអាទិត្យថា ការណែនាំនោះ ត្រូវបានចាក់ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម គឺកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីក្រសួង បានស្នើសុំឱ្យប៉ុស្តិ៍ទូរទស្សន៍របស់ប្រទេសអាហ្វហ្គានីស្ថាន បញ្ឈប់រាល់ការសំដែងរឿងភាគ និងរឿងកុន-ល្ខោន ដែលមានតួសម្តែងជាស្ត្រី។

ក្រសួង ក៏បានអំពាវនាវឲ្យអ្នកសារព័ត៌មានទូរទស្សន៍ស្ត្រី ពាក់របាំង hijab ពេលធ្វើសេចក្តីរាយការណ៏ផងដែរ។ សេចក្តីណែនាំរបស់ក្រសួង ក៏បានស្នើឱ្យប្រជាពលរដ្ឋ ឈប់ចាក់ចម្រៀងនៅក្នុងយានជំនិះរបស់ពួកគេផងដែរ។

ការបកស្រាយរបស់ពួកតាលីបង់អំពី hijab - ដែលអាចរាប់ចាប់ពីរបាំងសក់ រហូតដល់ស្បៃមុខ ឬគម្របពេញដងខ្លួន - គឺមិនច្បាស់លាស់ទេ ហើយស្ត្រីអាហ្វហ្គានីស្ថានភាគច្រើន បានពាក់កន្សែងលើក្បាលរួចហើយ។

ចាប់តាំងពីឡើងកាន់អំណាចក្នុងខែសីហាមក ក្រុមតាលីបង់ បានដាក់ការរឹតបន្តឹងផ្សេងៗលើស្ត្រី និងក្មេងស្រី បើទោះបីជាបានសន្យាថា នឹងមានច្បាប់ទន់ភ្លន់ជាងមុន បើធៀបនឹងការឡើងកាន់អំណាចលើកដំបូងរបស់ពួកគេក្នុងទសវត្សរ៍ឆ្នាំ 1990 ក៏ដោយ។