Social Network

ប្រទេសចិន ជំនួសតំណែងប្រធានបក្សកុម្មុយនិស្តតំបន់ Xinjiang

 ប្រទេសចិន បានជំនួសតំណែងលោក Chen Quanguo ដែលជាប្រធានបក្សកុម្មុយនិស្តនៅក្នុងតំបន់ Xinjiang បានមើលការខុសត្រូវលើការបង្រ្កាបផ្នែកសន្តិសុខ ដែលផ្តោតលើជនជាតិភាគតិច Uyghurs និងជនមូស្លីមដទៃទៀត ក្នុងនាមការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមសាសនា ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៥ ខែធ្នូនេះ

បានឲ្យដឹងថា លោក Chen ដែលកាន់តំណែងចាប់តាំងពីឆ្នាំ 2016 នឹងផ្លាស់ទៅតួនាទីមួយទៀត ហើយលោក Ma Xingrui អភិបាលខេត្តរោងចក្រអគ្គិសនីសេដ្ឋកិច្ចឆ្នេរសមុទ្រ Guangdong តាំងពីឆ្នាំ 2017 បានមកជំនួសរូបលោក។ ស៊ិនហួរ មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។

លោក Chen ដែលមានអាយុ 66 ឆ្នាំ គឺជាសមាជិកនៃការិយាល័យនយោបាយរបស់ប្រទេសចិន ហើយត្រូវបានចាត់ទុកថា ជាមន្ត្រីជាន់ខ្ពស់ ដែលទទួលខុសត្រូវចំពោះការបង្ក្រាបសន្តិសុខនៅក្នុងតំបន់ Xinjiang ។ លោក ត្រូវបានដាក់ទណ្ឌកម្មកាលពីឆ្នាំមុន ដោយសហរដ្ឋអាមេរិក។

ក្រុមអ្នកស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ និងសកម្មជនសិទ្ធិមនុស្ស បានប៉ាន់ប្រមាណថាមានជនមូស្លីមជាងមួយលាននាក់ ត្រូវបានឃុំខ្លួននៅក្នុងជំរុំនានានៅក្នុងតំបន់ Xinjiang ភាគខាងលិចប្រទេសចិន។

ប្រទេសចិន បានច្រានចោលការចោទប្រកាន់លើការរំលោភបំពាននេះ ដោយពណ៌នាជំរុំនោះ ថា ជាមជ្ឈមណ្ឌលវិជ្ជាជីវៈ ដែលត្រូវបានរចនាឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម ហើយកាលពីចុងឆ្នាំ 2019 ចិន បាននិយាយថា មនុស្សទាំងអស់នៅក្នុងជំរុំ "បានបញ្ចប់ការសិក្សារួចហើយ"។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់ហាមឃាត់ការនាំចូលពីតំបន់ Xinjiang ជុំវិញការព្រួយបារម្ភអំពីពលកម្មដោយបង្ខំ និងបាននាំឲ្យចិន មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការថ្កោលទោសនេះ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអាទិត្យ។