Social Network

.រ៉ុក្កែត បានបាញ់ប្រហារទៅលើក្រុមហ៊ុនចិននៅអ៊ីរ៉ាក់

 គ្រាប់រ៉ុក្កែត និងកាំភ្លើង បានវាយប្រហារទៅលើទីតាំងរបស់ក្រុមហ៊ុនសេវាកម្មប្រេងរបស់ចិននៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ (ទី 28 ខែធ្នូ) ដោយមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតណាមួយឡើយ។

មនុស្សប្រាំមួយនាក់ ត្រូវបានចាប់ខ្លួនជាផ្នែកមួយនៃការស៊ើបអង្កេតលើការវាយប្រហារនេះ នេះបើតាមសំដីមន្រ្តីសន្តិសុខ ប្រចាំខេត្តដែលញាំញីដោយភាពក្រីក្រ និងភាពរំជើបរំជួល Dhi Qar អ្នកនាំពាក្យក្រុមហ៊ុនប្រេងរដ្ឋនៅខេត្ត Dhi Qar បាននិយាយថា "ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនចិន ZPEC ដែលប្រតិបត្តិការនៅតំបន់ Al-Gharraf ភាគខាងជើងនៃទីរួមខេត្ត Nasiriyah ត្រូវបានគេកំណត់គោលដៅដោយគ្រាប់រ៉ុក្កែត និងគ្រាប់រំសេវ" ។

គ្រាប់រ៉ុក្កែត មិនបានផ្ទុះទេ ហើយការខូចខាតតែមួយគត់ចំពោះទីតាំង គឺរន្ធគ្រាប់កាំភ្លើងនៅលើរថយន្តសណ្តោងដែលនៅក្បែរនោះ។ ក្រុមហ៊ុនចិននេះ ទទួលបន្ទុកខួងអណ្តូងប្រេងក្នុងតំបន់ប្រេង Al-Gharraf។ ការវាយប្រហារនេះ ត្រូវបានជំរុញដោយ "ការបង្ខូចកេរ្តិ៍ឈ្មោះ" ដើម្បីដាក់សម្ពាធលើក្រុមហ៊ុន និងធានាការងារសម្រាប់អ្នកក្នុងស្រុក នេះបើតាមមន្ត្រីនៃក្រុមហ៊ុនប្រេងរដ្ឋ បានចោទប្រកាន់។

ខេត្ត Dhi Qar រួមទាំងទីរួមខេត្ត Nasiriyah របស់ខ្លួន ធ្លាប់បានរងការវាយប្រហារយ៉ាងបង្ហូរឈាមប្រឆាំងនឹងអំពើពុករលួយ និងភាពអត់ការងារធ្វើ ចាប់តាំងពីពាក់កណ្តាលទីពីរនៃឆ្នាំ 2019 មក។ អ៊ីរ៉ាក់ គឺជាប្រទេសផលិតប្រេងធំទីពីរនៅក្នុងអង្គការនៃប្រទេសនាំចេញប្រេង ហើយប្រាក់ចំណូលជាតិរបស់ខ្លួន មានច្រើនជាង 90 ភាគរយ គឺបានមកពីប្រេង នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីយប់ថ្ងៃអង្គារ។