Social Network

វៀតណាម ជំរុញឲ្យចិនបើកច្រកព្រំដែនឡើងវិញជាបន្ទាន់ ខណៈដែលវិស័យពាណិជ្ជកម្ម បានជាប់គាំង

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានផ្សាយថា ក្រសួងពាណិជ្ជកម្មវៀតណាម បានស្នើឱ្យអាជ្ញាធរខេត្តក្វាងស៊ីរបស់ចិន ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅច្រកព្រំដែន បន្ទាប់ពីប្រទេសចិន បានបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ដើម្បីអនុវត្តតាមគោលការណ៍សូន្យនៃ COVID-19 ។

រូបភាព និងវីដេអូពីទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម (VNA) បានបង្ហាញថា ឡានដឹកទំនិញរាប់ពាន់គ្រឿង ត្រូវបានជាប់គាំងនៅព្រំដែន បន្ទាប់ពីមានរបាយការណ៍ថា ករណីឆ្លង COVID-19 នាំចូល ត្រូវបានរកឃើញនៅក្នុងខេត្តក្វាងស៊ី។

បើតាមការផ្សាយរបស់ VNA ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មថា "វិធានការការពារប្រឆាំងនឹងមេរោគ ដែលខេត្តក្វាងស៊ី កំពុងអនុវត្តក្រោមគោលនយោបាយ 'សូន្យកូវីដ' រួមទាំងការបិទច្រកទ្វារព្រំដែន ឬការបញ្ឈប់ការនាំចូលផ្លែឈើ គឺលើសពីចាំបាច់" ។

"ការរំខាននេះ បានបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើពាណិជ្ជកម្មទ្វេភាគី និងការខាតបង់យ៉ាងខ្លាំងដល់អាជីវកម្ម និងប្រជាជនទាំងសងខាង"។ មន្ត្រីពាណិជ្ជកម្មក្វាងស៊ី-ជាការឆ្លើយតប បាននិយាយថា ពួកគេ នឹងបង្កើនរយៈពេលនៃការដោះស្រាយបញ្ហាគយ និងបញ្ជូនតាមសំណើផ្សេងទៀតទៅកាន់អាជ្ញាធរជាន់ខ្ពស់។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែឈើ និងបន្លែរបស់ខ្លួន។ ទិន្នន័យផ្លូវការ បានបង្ហាញថា ចំណូលពាណិជ្ជកម្មនៃផលិតផលកសិកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2021 បានកើនឡើង 19.5 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ 11.3 ពាន់លានដុល្លារអាមេរិក នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអាទិត្យ។