Social Network

ភ្នាក់ងារអាហ្វហ្គានីស្ថាន ចាក់ស្រា 3,000 លីត្រចូលទៅក្នុងប្រឡាយទឹកកាប៊ុល

ទីភ្នាក់ងារចារកម្មរបស់ប្រទេសអាហ្វហ្កានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ (2 មករា) ថា ក្រុមភ្នាក់ងារស៊ើបការណ៍អាហ្វហ្គានីស្ថានមួយក្រុម បានចាក់ស្រាប្រហែល 3,000 លីត្រចូលទៅក្នុងប្រឡាយទឹកមួយក្នុងទីក្រុងកាប៊ុល ខណៈដែលអាជ្ញាធរតាលីបង់ថ្មី បានបង្ក្រាបការលក់គ្រឿងស្រវឹង។

វីដេអូ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ (GDI) បានបង្ហាញភ្នាក់ងាររបស់ខ្លួន បានចាក់ស្រាដែលរក្សាទុកក្នុងធុងឈើ ចូលទៅក្នុងប្រឡាយទឹក បន្ទាប់ពីបានរឹបអូសវា ក្នុងអំឡុងពេលវាយឆ្មក់ក្នុងរដ្ឋធានី។

មន្ត្រីស៊ើបការណ៍សម្ងាត់ម្នាក់ បាននិយាយនៅក្នុងវីដេអូដែលទីភ្នាក់ងារនេះ បានបង្ហោះនៅលើ Twitter កាលពីថ្ងៃអាទិត្យថា "ជនមូស្លីមទាំងអស់ ត្រូវតមទាំងស្រុងពីការផលិត និងចែកចាយគ្រឿងស្រវឹង" ។

វាមិនច្បាស់ទេថា នៅពេលណាដែលការវាយឆ្មក់ ត្រូវបានអនុវត្ត ឬ នៅពេលដែលគ្រឿងស្រវឹង ត្រូវបានបំផ្លាញពិតប្រាកដ ប៉ុន្តែសេចក្តីថ្លែងការណ៍ដែលចេញដោយទីភ្នាក់ងារនេះ បាននិយាយថា ឈ្មួញបីនាក់ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការ។

ការលក់ និងប្រើប្រាស់គ្រឿងស្រវឹង ត្រូវបានហាមឃាត់ សូម្បីតែនៅក្រោមរបប ដែលគាំទ្រដោយលោកខាងលិចពីមុនក៏ដោយ ប៉ុន្តែពួកតាលីបង់ ដែលត្រូវបានគេស្គាល់ថា ជាម៉ាកយីហោសាសនាអ៊ីស្លាមដ៏ម៉ឺងម៉ាត់របស់ពួកគេ គឺកាន់តែតឹងរ៉ឹងក្នុងការប្រឆាំងនឹងគ្រឿងស្រវឹងនេះ។

ចាប់តាំងពីក្រុមអ៊ីស្លាម ចូលកាន់កាប់អំណាចកាលពីថ្ងៃទី ១៥ ខែសីហាមក ភាពញឹកញាប់នៃការវាយឆ្មក់ រួមទាំងលើអ្នកញៀនថ្នាំ បានកើនឡើងនៅទូទាំងប្រទេស។ ក្រសួងលើកកម្ពស់គុណធម៌ និងទប់ស្កាត់បាបធម៌របស់រដ្ឋាភិបាលតាលីបង់ ក៏បានចេញគោលការណ៍ណែនាំមួយចំនួន ដែលរឹតត្បិតលើសិទ្ធិស្ត្រីផងដែរ នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីយប់ថ្ងៃអាទិត្យ។