Social Network

លោក Moon របស់កូរ៉េខាងត្បូងសន្យាជំរុញចុងក្រោយសម្រាប់សន្តិភាពកូរ៉េខាងជើង

 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្តេជ្ញាកាលពីថ្ងៃចន្ទ ទី០៣ ខែមករា ថា នឹងប្រើប្រាស់រយៈពេលប៉ុន្មានខែចុងក្រោយរបស់លោកក្នុងតំណែង ដើម្បីជំរុញឱ្យមានដំណើរការការទូតជាមួយកូរ៉េខាងជើង ទោះបីជាមានភាពស្ងៀមស្ងាត់ជាសាធារណៈពីទីក្រុងព្យុងយ៉ាង ជុំវិញការប៉ុនប៉ងរបស់លោក សម្រាប់ការប្រកាសសន្តិភាពរវាងភាគីទាំងពីរក៏ដោយ។

លោក Moon បានថ្លែងនៅក្នុងសុន្ទរកថាឆ្នាំថ្មីចុងក្រោយរបស់លោកថា "រដ្ឋាភិបាល នឹងបន្តការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងអន្តរកូរ៉េ និងផ្លូវ ដែលមិនអាចថយក្រោយទៅកាន់សន្តិភាពរហូតដល់ទីបញ្ចប់"។ "ខ្ញុំ សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងសម្រាប់ការសន្ទនានេះ នឹងបន្តនៅក្នុងរដ្ឋបាលបន្ទាប់ផងដែរ" ។

នៅក្នុងសុន្ទរកថាផ្ទាល់របស់លោកនៅថ្ងៃចូលឆ្នាំសកល មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មិនបាននិយាយអំពីការអំពាវនាវរបស់លោក Moon សម្រាប់ការប្រកាសជាផ្លូវការនៃការបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ 1950 ដល់ឆ្នាំ 1953 ឬអំពីការជាប់គាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ។

លោក Moon ធ្លាប់បានធ្វើកិច្ចប្រជុំកំពូលជាច្រើនជាមួយលោក Kim រួមទាំងម្តងនៅទីក្រុងព្យុងយ៉ាង។ លោក Moon កំពុងជំរុញឱ្យមាន "ការបញ្ចប់នៃការប្រកាសសង្រ្គាម" ដែលជាមធ្យោបាយមួយ ដើម្បីចាប់ផ្តើមការចរចារដែលជាប់គាំងទាំងនោះ ហើយរដ្ឋបាលរបស់លោកបានណែនាំអំពីការពិភាក្សាផ្លូវបន្ទាប់បន្សំនានា ។

ប៉ុន្តែកូរ៉េខាងជើង មិនបានឆ្លើយតបជាសាធារណៈចំពោះការជំរុញចុងក្រោយនេះទេ ហើយសហរដ្ឋអាមេរិក បានគាំទ្រគំនិតនេះ ប៉ុន្តែប្រហែលជាមិនយល់ស្របជាមួយកូរ៉េខាងត្បូងអំពីពេលវេលារបស់ខ្លួន នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃចន្ទ។