Social Network

នាយករដ្ឋមន្ត្រីជប៉ុន អំពាវនាវឱ្យបង្កើនការចាក់ដូសជម្រុញ COVID-19 ទ្វេដងដល់ ១ លាននាក់ក្នុងមួយថ្ងៃ

 នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយកាលពីថ្ងៃចន្ទ-ម្សិលមិញថា លោក ចង់បង្កើនល្បឿនកម្មវិធីចាក់ដូសជម្រុញ COVID-19 របស់ប្រទេសលោក ឲ្យបានដល់ ១លាននាក់ក្នុងមួយថ្ងៃនៅចុងខែកុម្ភះនេះ ពោល គឺប្រហែលទ្វេដងនៃល្បឿនបច្ចុប្បន្ន។

លោក Kishida បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការថវិកាសភាតាមទូរទស្សន៍ថា លោក បានណែនាំដល់រដ្ឋមន្ត្រីឱ្យធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងតាមដែលអាចធ្វើបាន។

តួលេខឆ្លងនៅទូទាំងប្រទេស បានកើនឡើងលើសពី 100,000 នាក់កាលពីថ្ងៃសៅរ៍-ជាលើកដំបូង។ តំបន់ភាគច្រើនឥឡូវនេះ ស្ថិតនៅក្រោមវិធានការគ្រប់គ្រងការឆ្លង ដើម្បីកុំឱ្យមានការរីករាលដាលនៃវ៉ារ្យ៉ង់ Omicron ដែលបានផ្ទុះឡើងចំណោមប្រជាជន ដែលមានតិចជាង 5 ភាគរយ បានទទួលដូសជម្រុញនោះ។

កាសែត Asahi របស់ជប៉ុន បានផ្សាយកាលពីថ្ងៃអាទិត្យថា ទីក្រុងតូក្យូ និងខេត្តចំនួន 12 ផ្សេងទៀត កំពុងស្ថិតក្នុងការពិភាក្សាចុងក្រោយ ដើម្បីបន្តការទប់ស្កាត់មេរោគរយៈពេលប្រហែល 3 សប្តាហ៍ទៅមុខ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃចន្ទ-ម្សិលមិញ។