Social Network

ជនភៀសខ្លួនអ៊ុយក្រែនជាង 4 លាននាក់ បានរត់គេចពីសង្គ្រាម

 អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (30 មីនា) ថា ប្រជាជនអ៊ុយក្រែនជាង 4 លាននាក់ បានភៀសខ្លួនចេញពីប្រទេស ដើម្បីគេចចេញពី "សង្គ្រាមឥតសមហេតុផល" របស់ប្រទេសរុស្ស៊ី។

អង្គការ UNHCR ដែលជាទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ជនជាតិអ៊ុយក្រែនចំនួន 4,019,287 នាក់ បានភៀសខ្លួនឆ្លងព្រំដែនរបស់ប្រទេស ចាប់តាំងពីការឈ្លានពាននៅថ្ងៃទី 24 ខែកុម្ភៈ ជាមួយនឹងប្រជាជនជាង 2.3 លាននាក់ បានធ្វើដំណើរឆ្ពោះទៅភាគខាងលិច ចូលប្រទេសប៉ូឡូញ។

ចំនួនជនភៀសខ្លួន បានលើសពីការប៉ាន់ស្មានដំបូងរបស់ UNHCR ដែលថាសង្រ្គាម អាចបង្កើតបានរហូតដល់ 4 លាននាក់។ ទីភ្នាក់ងារនេះ និយាយថា ល្បឿន និងទំហំនៃការផ្លាស់ទីលំនៅ គឺមិនធ្លាប់មាននៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

ស្ត្រី និងកុមារមានចំនួន 90% នៃអ្នក ដែលបានភៀសខ្លួន។ បុរសអ៊ុយក្រែន ដែលមានអាយុពី 18 ទៅ 60 ឆ្នាំ មានសិទ្ធិទទួលបានការហៅចូលបម្រើយោធា ហើយមិនអាចចាកចេញបានទេ។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិ (IOM) បាននិយាយថា ក្រៅពីជនភៀសខ្លួនអ៊ុយក្រែន ប្រជាជន ដែលមិនមែនជាជនជាតិអ៊ុយក្រែនជិត 200,000 នាក់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេស ក៏បានចាកចេញផងដែរ។

ហើយគិតត្រឹមថ្ងៃទី 16 ខែមីនា មនុស្សប្រហែល 6.48 លាននាក់ ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវបានផ្លាស់ទីលំនៅនៅខាងក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការស្ទង់មតិតំណាង IOM ។

មុនពេលការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី 24 ខែកុម្ភៈ អ៊ុយក្រែន មានប្រជាជនចំនួន 37 លាននាក់ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដោយមិនរាប់បញ្ចូលតំបន់ Crimea ដែលត្រូវបានបញ្ចូលដោយរុស្ស៊ី និងតំបន់បំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើត នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពី AFP កាលពីយប់ថ្ងៃពុធ។