Social Network

ប្រទេសចិន នឹងកាត់ពន្ធលើទំនិញក្រដាស និងឈើពីនូវែលសេឡង់ ចាប់ពីថ្ងៃទី ៧ ខែមេសា

 ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងកាលពីថ្ងៃអាទិត្យ-ម្សិលមិញថា ប្រទេសចិន នឹងអនុវត្តការធ្វើឱ្យប្រសើរឡើងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងទីក្រុងប៉េកាំង និងទីក្រុង Wellington ដើម្បីលុបបំបាត់ពន្ធលើផលិតផលឈើ និងក្រដាសចំនួន 12 មុខ ដែលនាំចូលពីប្រទេសនូវែលសេឡង់ ចាប់ពីថ្ងៃទី 7 ខែមេសា។

ការផ្លាស់ប្តូរនេះ ធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរកាលពីខែមករា ដើម្បីធ្វើឱ្យប្រសើរឡើងនូវកតិកាសញ្ញាពាណិជ្ជកម្មសេរី ដែលមានស្រាប់របស់ពួកគេ ដែលអនុញ្ញាតឱ្យ 99% នៃពាណិជ្ជកម្មឈើ និងក្រដាសចំនួន 3 ពាន់លានដុល្លាររបស់នូវែលសេឡង់ ទៅកាន់ប្រទេសចិន ទទួលបានការនាំចូលដោយមិនគិតពន្ធ ក្នុងរយៈពេលអនុវត្ត 10 ឆ្នាំ។

ពន្ធនាំចូលសម្រាប់ផលិតផលដូចជា បង្គន់ ឬក្រដាសជូតមុខ និងក្រដាសដែលប្រើសម្រាប់សរសេរ នឹងត្រូវកាត់បន្ថយមកត្រឹម ៦,៨ ភាគរយ និង ៤,៥ ភាគរយ ចាប់ពីថ្ងៃទី ៧ ខែមេសា ពីអត្រាបច្ចុប្បន្ន ៧,៥ ភាគរយ និង ៥ ភាគរយ ហើយនឹងត្រូវកាត់បន្ថយជាបណ្តើរៗនៅ 10 ឆ្នាំខាងមុខ ដើម្បីឈានដល់សូន្យ។

ក្រសួងហិរញ្ញវត្ថុចិន បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថា "ឆ្នាំ 2022 គឺជាខួបលើកទី 50 នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងនូវែលសេឡង់ ហើយថ្ងៃទី 7 ខែមេសា គឺជាខួបលើកទី 14 នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-នូវែលសេឡង់" ។ "ការអនុវត្តអត្រាពន្ធ ដែលបានព្រមព្រៀងគ្នា នឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរបន្ថែមទៀត"។

សូមបញ្ជាក់ផងដែរថា កន្លងមកប្រទេសចិន បានលុបចោល ឬកាត់បន្ថយពន្ធលើបន្ទាត់ពន្ធឈើ និងក្រដាសចំនួន 75 មុខ សម្រាប់ផលិតផលនូវែលសេឡង់ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានស្រាប់ចូលជាធរមានក្នុងឆ្នាំ 2008 នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីសារព័ត៌មាន Reuters កាលពីយប់ថ្ងៃអាទិត្យ។