Social Network

ស្ត្រីអាហ្វហ្គានីស្ថាន តវ៉ានឹងក្រឹត្យរបស់តាលីបង់ ឲ្យបិទបាំងមុខ

ស្ត្រីប្រហែល១០នាក់ជាង បានតវ៉ានៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ (10 ឧសភា) ប្រឆាំងនឹងបទបញ្ជាថ្មីរបស់តាលីបង់ ដែលថា ស្ត្រី ត្រូវតែបិទមុខ និងដងខ្លួនឱ្យបានពេញលេញនៅពេលនៅទីសាធារណៈ។

មេដឹកនាំកំពូលរបស់ប្រទេសអាហ្វហ្គានីស្ថាន និងជាប្រធានក្រុមតាលីបង់ លោក Hibatullah Akhundzada បានចេញអាណត្តិកាលពីចុងសប្តាហ៍ ដោយបញ្ជាឱ្យស្ត្រីបិទបាំងទាំងស្រុង ជាមួយនឹងឈុត burqa ជាប្រពៃណី។ "យុត្តិធម៌ យុត្តិធម៌!" នេះជាការស្រែកតវ៉ារបស់បាតុករជាច្រើននាក់ ដែលមិនបិទមុខ នៅភាគកណ្តាលនៃក្រុងកាប៊ុល។

ក្រុមបាតុករ ក៏បានស្រែកថា "Burqa មិនមែនជា hijab របស់យើងទេ!" - ដោយបង្ហាញពីការជំទាស់របស់ពួកគេ ក្នុងការប្តូរពីកន្សែងរុំក្បាល hijab ដែលមានកម្រិតតិចជាងសម្រាប់ burqa ដែលលាក់បាំងទាំងស្រុង។

បន្ទាប់ពីការដង្ហែរមួយរយៈពេលខ្លី ការហែក្បួន ត្រូវបានបញ្ឈប់ដោយយុទ្ធជនតាលីបង់ ដែលបានរារាំងអ្នកសារព័ត៌មានពីការផ្សាយអំពីព្រឹត្តិការណ៍នេះ។ ក្រឹត្យរបស់ Akhundzada ដែលបញ្ជាឱ្យស្ត្រី "ស្នាក់នៅផ្ទះ" ប្រសិនបើពួកគេ មិនមានការងារសំខាន់នៅខាងក្រៅ បានបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិ។

Akhundzada ក៏បានបញ្ជាឱ្យអាជ្ញាធរ បណ្តេញបុគ្គលិករដ្ឋាភិបាលជាស្ត្រី ដែលមិនអនុវត្តតាមកូដសំលៀកបំពាក់ថ្មី និងព្យួរការងារបុគ្គលិកបុរស ប្រសិនបើប្រពន្ធ និងកូនស្រីរបស់ពួកគេ មិនគោរពតាម។

នៅតាមជនបទ ស្ត្រីជាច្រើន បានបន្តពាក់ burqa ក្នុងរយះពេលពីរទសវត្សរ៍មកនេះ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃអង្គារ។