Social Network

ប្រធានាធិបតីហ្វាំងឡង់ បញ្ជាក់ថា ប្រទេសរបស់លោក នឹងដាក់ពាក្យចូលជាសមាជិកណាតូ

 ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto បានបញ្ជាក់កាលពីថ្ងៃអាទិត្យ (15 ឧសភា) ថា ប្រទេសរបស់លោក នឹងដាក់ពាក្យសុំចូលជាសមាជិកនៃសម្ព័ន្ធភាពយោធាណាតូ នៅក្នុងការផ្លាស់ប្តូរគោលនយោបាយជាប្រវត្តិសាស្ត្រ ដែលជំរុញដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ទីក្រុងមូស្គូ ដែលមានព្រំដែន 1,300 គីឡូម៉ែត្រជាមួយប្រទេសហ្វាំងឡង់ បាននិយាយថា វានឹងជាកំហុសមួយសម្រាប់ទីក្រុង Helsinki ក្នុងការចូលរួមសម្ព័ន្ធភាពឆ្លងអាត្លង់ទិក ហើយថា វានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។

ការប្រកាសកាលពីថ្ងៃអាទិត្យ កើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Niinisto និងលោកស្រីនាយករដ្ឋមន្ត្រី Sanna Marin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេទាំងពីរ បានពេញចិត្តសមាជិកភាពរបស់អង្គការណាតូ (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង) ដោយផ្តល់ភ្លើងខៀវ ឱ្យប្រទេសខ្លួន អនុវត្តតាម។

ប្រធានាធិបតីហ្វាំងឡង់ បានសម្តែងការត្រៀមខ្លួន ដើម្បីជួបពិភាក្សាជាមួយសមភាគីទួគីលោក Tayyip Erdogan បន្ទាប់ពីទីក្រុងអង់ការ៉ា បានលើកឡើងពីការជំទាស់ចំពោះប្រទេស Nordic ក្នុងការចូលរួមជាមួយអង្គការណាតូ។ ក្នុងនាមជាសមាជិកណាតូ ទួគី អាចបដិសេធពាក្យសុំរបស់ហ្វាំងឡង់ នេះបើតាមការផ្សាយរបស់ Reuters