Social Network

រុស្ស៊ី នឹងមិនទទួលយកស្រួលៗចំពោះការពង្រីក Nordic របស់ណាតូទេ

 រុស្ស៊ី បាននិយាយកាលពីថ្ងៃច័ន្ទ-ម្សិលមិញ ថា លោកខាងលិច មិនគួរមានការយល់ច្រលំថា ទីក្រុងមូស្គូ នឹងទទួលយកស្រួលៗចំពោះការពង្រីក Nordic នៃសម្ព័ន្ធមិត្តយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីរួមបញ្ចូលប្រទេសស៊ុយអែត និងហ្វាំងឡង់ ដោយចាត់ទុកទង្វើនេះ ជាកំហុស ដែលនឹងធ្វើឱ្យមានភាពតានតឹងផ្នែកយោធា។

លោក វ្ល៉ាឌីមៀ ពូទីន ដែលជាមេដឹកនាំកំពូលរបស់រុស្ស៊ី ចាប់តាំងពីថ្ងៃចុងក្រោយនៃឆ្នាំ 1999 ធ្លាប់បានលើកឡើងម្តងហើយម្តងទៀត ពីការពង្រីកក្រោយរបបសូវៀតនៃសម្ព័ន្ធភាពណាតូ ឆ្ពោះទៅប៉ែកខាងកើត ទៅរកព្រំដែនរុស្ស៊ីថា ជាហេតុផលសម្រាប់ការឈ្លានពានអ៊ុយក្រែន។

ទោះបីជាសង្គ្រាម បានបង្កឱ្យមានការផ្លាស់ប្តូរដ៏ធំបំផុតមួយ ចំពោះស្ថាបត្យកម្មសន្តិសុខរបស់អឺរ៉ុបអស់ជាច្រើនទសវត្សរ៍មកហើយក្តី ក៏គេ មិននឹកស្មានដល់ថា ស៊ុយអែត និងហ្វាំងឡង់ដែលមានព្រំដែន 1,300 គីឡូម៉ែត្រជាមួយរុស្ស៊ី គ្រោងនឹងចូលរួមសម្ព័ន្ធភាពយោធា។

រុស្ស៊ី បានផ្តល់តម្រុយមួយចំនួនអំពីអ្វី ដែលខ្លួននឹងធ្វើក្នុងការឆ្លើយតបទៅនឹងការពង្រីក Nordic របស់ណាតូ ដោយគ្រាន់តែនិយាយថា នឹងមាន "ការឆ្លើយតបខាងបច្ចេកទេសយោធា"។ សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់លោកពូទីន បាននិយាយកាលពីខែមុនថា រុស្ស៊ី អាចដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿនជាងសំឡេងនៅក្នុងទឹកដី Kaliningrad របស់រុស្ស៊ី ប្រសិនបើហ្វាំងឡង់ និងស៊ុយអែត ចូលរួមជាមួយណាតូ។

ការចូលរួមនៃប្រទេសហ្វាំងឡង់ និងស៊ុយអែតជាមួយអង្គការណាតូ ដែលបង្កើតឡើងក្នុងឆ្នាំ 1949 គឺដើម្បីផ្តល់សន្តិសុខអឺរ៉ុបប្រឆាំងនឹងសហភាពសូវៀត ដែលអាចនឹងក្លាយជាផលវិបាកជាយុទ្ធសាស្ត្រដ៏ធំបំផុតមួយនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន រហូតមកដល់បច្ចុប្បន្ន នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃចន្ទ។