Social Network

ទីបំផុតប្រធានាធិបតី និងនាយករដ្ឋមន្រ្តីស្រីលង្កា យល់ព្រម ចុះចេញពីតំណែង ក្រោយសកម្មភាពតវ៉ាយ៉ាងកក្រើករបស់ក្រុមបាតុករ

 ទីបំផុតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានយល់ព្រមចុះចេញពីអំណាចហើយ ក្រោយសកម្មភាពតវ៉ាដ៏កក្រើក ដោយក្រុមបាតុករបាននាំគ្នាចូលលុកលុយ វិមានប្រធានាធិបតី ហើយថែមទាំងបានដុតបំផ្លាញគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី នៅក្នុងរដ្ឋធានីកូឡុំបូ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ។

យោងតាមសម្តីរបស់ប្រធានសភាស្រីលង្កា លោក Gotabaya Rajapaksa បានប្រាប់ថា លោកនឹងចុះចេញពីតំណែងជាប្រធានាធិបតី នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ហើយលោក ក៏អំពាវនាវឱ្យប្រជាជនគោរពច្បាប់ និងរក្សាសន្តិភាពផងដែរ។

កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីស្រីលង្កា លោក Ranil Wickremesinghe ក៏បានប្រកាសថា លោកនឹងចុះចេញពីតំណែងដូចគ្នា។ ដោយឡែក ពេលដែលវិមានប្រធានាធិបតី ត្រូវបានក្រុមបាតុករសម្រុកចូលលុកលុយ ហើយគេហដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី បានរងការដុតបំផ្លាញ ក្នុងហេតុការណ៍កាលពីថ្ងៃសៅរ៍នោះ គឺលោក Rajapaksa និង Wickremesinghe មិនមានវត្តមាននៅទីនោះឡើយ ដោយមេដឹកនាំទាំងពីរ បានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព រួចជាមុនទៅហើយ។

គួរបញ្ជាក់ថា បាតុកម្មប្រឆាំងរដ្ឋាភិបាល បានកើតមានឡើងជាច្រើនខែមកហើយនៅស្រីលង្កា ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ដែលប្រទេសដីកោះ មានប្រជាជន២២លាននាក់នេះ ទទួលរងគ្រោះនូវបញ្ហាអតិផរណាកម្រិតខ្ពស់ខ្លាំង ហើយមិនមានសមត្ថភាព ក្នុងការនាំចូលទំនិញមូលដ្ឋាន ដូចជា ស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថជាដើម។