Social Network

បេក្ខជនចូលរួមប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្តីអង់គ្លេសថ្មី កើនដល់៨នាក់

គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ បេក្ខជន ដែលបានប្រកាសចូលរួមក្នុងដំណើរការប្រកួតប្រជែង ដើម្បីបន្តវេនពីលោក Boris Johnson ជានាយករដ្ឋមន្រ្តីថ្មីនៃចក្រភពអង់គ្លេស គឺបានកើនដល់៨នាក់ហើយ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ។

នៅសប្តាហ៍ក្រោយ គណបក្សអភិរក្សនិយម (Conservative) ដែលកំពុងកាន់អំណាច នឹងដាក់ចេញនូវបទបញ្ញត្តិ ព្រមទាំងកាលវិភាគជាក់លាក់ សម្រាប់ដំណើរការប្រកួតប្រជែងយក តំណែងប្រធានគណបក្ស បន្ទាប់ពីលោក Johnson ត្រូវបានបក្សរបស់លោកផ្ទាល់ បង្ខំឱ្យចុះចេញ ដោយសារតែពួកគេលែងមានការគាំទ្រ។

យ៉ាងណាមិញ លោក Johnson នឹងបន្តកាន់តំណែងនាយករដ្ឋមន្រ្តីជាបណ្តោះអាសន្នសិន រហូតទាល់តែជ្រើសរើសបានអ្នកមកជំនួស។ដោយឡែកសម្រាប់សមាសភាពនៃបេក្ខជនទាំង៨នាក់ខាងលើ រួមមាន រដ្ឋមន្រ្តីដឹកជញ្ជូន រដ្ឋមន្រ្តីហិរញ្ញវត្ថុ អតីតរដ្ឋមន្រ្តីការបរទេស អតីតរដ្ឋមន្រ្តីសុខាភិបាល អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ សមាជិកសភា២រូប និងអគ្គរដ្ឋអាជ្ញាសម្រាប់អង់គ្លេស-វែលស៍។

ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេស លោកស្រី Liz Truss ត្រូវគេរំពឹងថា នឹងប្រកាសចូលរួមប្រកួតប្រជែងនៅដើមសប្តាហ៍ក្រោយ ខណៈរដ្ឋមន្រ្តីការពារជាតិ លោក Ben Wallace បានប្រកាសរួចហើយថា លោក នឹងមិនចូលរួមទេ។

គួរបញ្ជាក់ថា ក្រុមសមាជិកសភានៃគណបក្សអភិរក្សនិយមអង់គ្លេស នឹងរៀបចំធ្វើការបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីជម្រុះបេក្ខជនទាំងអស់ឱ្យនៅសល់ត្រឹម ២នាក់ចុងក្រោយ ហើយបន្ទាប់មកពួកគេ នឹងត្រូវឆ្លងកាត់ការបោះឆ្នោត ដែលមានលក្ខណៈទូលំទូលាយជាងមុន គឺពីសំណាក់សមាជិករបស់គណបក្សតែម្តង។