Social Network

ភ្លើងឆេះព្រៃ បានឆាបឆេះនៅប្រទេសបារាំង និងអេស្ប៉ាញ ខណៈរលកកម្តៅ បានវាយលុកអឺរ៉ុប

 ភ្លើងឆេះព្រៃ បានឆាបឆេះនៅភាគនិរតីនៃប្រទេសបារាំង និងប្រទេសអេស្បាញ កាលពីថ្ងៃសៅរ៍ ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ ជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលសីតុណ្ហភាពរដូវ ក្តៅ បានឡើងក្តៅខ្លាំង និងអាជ្ញាធរ បានប្រកាសអាសន្ននៅក្នុងតំបន់មួយចំនួននៃទ្វីបអឺរ៉ុប។

អាជ្ញាធរក្នុងតំបន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សប្រហែល 14,000 នាក់ត្រូវបានជម្លៀសចេញពីតំបន់ Gironde របស់ប្រទេសបារាំង គិតត្រឹមរសៀលថ្ងៃសៅរ៍ ខណៈដែលអ្នកពន្លត់អគ្គីភ័យជាង 1,200 នាក់ បានតស៊ូដើម្បីគ្រប់គ្រងអណ្តាតភ្លើង។

ភ្លើងឆេះព្រៃ បានឆាបឆេះពេញប្រទេសបារាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក៏ដូចជានៅបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀត រួមទាំងព័រទុយហ្គាល់ និងអេស្ប៉ាញ ហើយផ្ទៃដីជាង 10,000 ហិកតាត្រូវបានឆេះនៅក្នុងតំបន់ Gironde កាលពីថ្ងៃសៅរ៍ កើនឡើងពី 7,300 ហិកតាកាលពីថ្ងៃសុក្រ។

រលកកំដៅនៅភាគខាងលិចប្រទេសបារាំង ត្រូវបានគេរំពឹងថា នឹងឡើងដល់កំពូលនៅថ្ងៃច័ន្ទ ដោយសីតុណ្ហភាពកើនឡើងលើសពី 40 អង្សាសេ។

នៅប្រទេសអេស្បាញ ដែលនៅជិតខាង ក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងប្រយុទ្ធនឹងអណ្តាតភ្លើងជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីប៉ុន្មានថ្ងៃនៃសីតុណ្ហភាពខ្ពស់មិនធម្មតា ដែលបានឡើងដល់ 45.7 អង្សាសេ នេះបើតាមការផ្សាយរបស់ Reuters ។