Social Network

រុស្ស៊ី នឹងលក់ប្រេងឆៅបញ្ចុះតម្លៃឲ្យប៉ាគីស្ថាន

រដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី នឹងលក់ប្រេងឆៅទៅឱ្យប៉ាគីស្ថានក្នុងតម្លៃបញ្ចុះតម្លៃ ត្រឹមរយះពេលតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបាន ដឹកនាំក្រុមការងាររដ្ឋាភិបាល ទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីចរចាកិច្ចព្រមព្រៀងនេះ។

ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Islamabad រដ្ឋមន្ត្រីក្រសួងប្រេង ប្រាប់ថា ប្រទេសរុស្ស៊ី នឹងផ្តល់ការបញ្ចុះតម្លៃប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតដល់ប្រទេសប៉ាគីស្ថានផងដែរ។ រដ្ឋាភិបាលរុស្សី ក៏បានអញ្ជើញប៉ាគីស្ថាន ឱ្យចាប់ផ្តើមការពិភាក្សាលើកិច្ចសន្យារយៈពេលវែង ដើម្បីទិញឧស្ម័នធម្មជាតិរាវ LNG ហើយទីក្រុងអ៊ីស្លាម៉ាបាដ បានពិភាក្សារួចហើយជាមួយក្រុមហ៊ុនឯកជនរុស្ស៊ីជុំវិញការនាំចូល LNG ។

រដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសប៉ាគីស្ថាន បាននិយាយថា វា គឺជាដំណើរទស្សនកិច្ចដ៏ជោគជ័យមួយទាក់ទងនឹងអនាគតដ៏ល្អជាមួយរុស្ស៊ីក្នុងវិស័យថាមពល។ សូមបញ្ជាក់ថា ផលិតកម្មឧស្ម័នក្នុងស្រុករបស់ប៉ាគីស្ថាន កំពុងធ្លាក់ចុះប្រហែល ៨ ទៅ ១០ ភាគរយក្នុងមួយឆ្នាំ ហើយប៉ាគីស្ថាន នឹងទទួលបាន LNG ពីរលានផោន (907,185 គីឡូក្រាម) ដាច់ដោយឡែកពីគ្នាជាជំនួយពីប្រទេសជិតខាងអ៊ីរ៉ង់ក្នុងរដូវរងានេះ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃចន្ទ។