Social Network

ចំនួនមនុស្សស្លាប់បន្តកើនដល់ជាង២,០០០នាក់ ក្រោយគ្រោះរញ្ជួយដីនៅម៉ារ៉ុក

 ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រសប្តាហ៏កន្លង បានបន្តកើនឡើងដល់លើស២,០០០នាក់ហើយ។

ក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យថ្មីចុងក្រោយគេ ស្តីពីតួលេខជនរងគ្រោះ ក្រសួងមហាផ្ទៃម៉ារ៉ុក បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សកើនដល់២,០១២នាក់ហើយ ត្រូវបានសម្លាប់ និង២,០៥៩នាក់ផ្សេងទៀត បានទទួលរងរបួស ក្នុងនោះមាន១,៤០៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័រកណ្តាលនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន នៃតំបន់ភ្នំអាត់ឡាស់ ចម្ងាយ៧៥គីឡូម៉ែត្រពីទីក្រុងម៉ារ៉ាកេស ជាទីក្រុងធំលំដាប់ទី៤ និងជាទីក្រុងប្រវត្តិសាស្រ្តរបស់ប្រទេសម៉ារ៉ុក។

សូមបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើ មានជម្រៅ១៨.៥គីឡូម៉ែត្រក្រោមផ្ទៃដី ដែលជាទូទៅមានលទ្ធភាពបង្កការបំផ្លិចបំផ្លាញខ្លាំងធ្ងន់ធ្ងរ ជាងគ្រោះរញ្ជួយដី ដែលមានកម្រិតរ៉ិចទ័រដូចគ្នា ប៉ុន្តែមានជម្រៅជ្រៅៗ។

វា គឺជាគ្រោះរញ្ជួយផែនដី ដែលផ្តាច់ជីវិតមនុស្សច្រើនជាងគេបំផុតនៅក្នុងប្រទេសអាហ្រ្វិកខាងជើងមួយនេះ គិតចាប់តាំងពីឆ្នាំ១៩៦០មក នេះបើតាមការផ្សាយរបស់ AFP ។