Social Network

ចិនស្វាគមន៍បទឈប់បាញ់៤ថ្ងៃ រវាងអ៉ីស្រាអែលនិងហាម៉ាស

 (ប៉េកាំង)៖ ចិនបានប្រកាសស្វាគមន៍បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃពុធនេះ បន្ទាប់ពីភាគីទាំងសងខាង ឈានដល់កិច្ចព្រមព្រៀងផ្អាកសង្រ្គាមរយៈពេល ៤ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងចំនួន ៥០នាក់ នៅតំបន់ហ្គាហ្សា។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «យើងសូមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន ដែលភាគីពាក់ព័ន្ធសម្រេចបាន ហើយសង្ឃឹមថាវានឹងជួយបន្ធូរបន្ថយវិបត្តិមនុស្សធម៌ កាត់បន្ថយជម្លោះ និងភាពតានតឹង»។

គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានអនុម័តលើកិច្ចព្រមព្រៀង ស្ដីពីបទឈប់បាញ់ខាងលើ បន្ទាប់ពីកិច្ចប្រជុំពេលពេញមួយយប់ ជាមួយក្រុមរដ្ឋមន្ត្រីរបស់លោក។

ចំណែក ក្រុមហាម៉ាសវិញ ក៏បានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍បទឈប់បាញ់នេះដែរ ដោយអះអាងថានឹងនាំទៅរកការដោះលែងជនជាតិប៉ាឡេស្ទីន ១៥០នាក់ពីពន្ធនាគារអ៉ីស្រាអែល៕

ដកស្រង់ពី៖ Fresh News