Social Network

សីតុណ្ហភាពនៅតំបន់ Siberia របស់រុស្ស៉ី ចុះត្រជាក់ខ្លាំងដល់ -៥០អង្សាសេ ខណៈទីក្រុងមូស្គូគ្របដណ្តប់ដោយព្រិលពាសពេញ

 (មូស្គូ)៖ សីតុណ្ហភាពនៅក្នុងផ្នែកខ្លះនៃតំបន់ Siberia របស់រុស្ស៉ី បានធ្លាក់ចុះរហូតដល់ជិត -៥០អង្សាសេ ហើយព្យុះព្រិលបានបោកបក់លើទីក្រុងមូស្គូ និងរំខានដល់ជើងហោះហើរ ខណៈដែលអាកាសធាតុត្រជាក់ក្នុងរដូវរងា គ្របដណ្តប់ពាសពេញផ្ទៃប្រទេស។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។ បើតាមស្ថានីយឧតុនិយមប្រចាំតំបន់ សីតុណ្ហភាពបានធ្លាក់ចុះដល់ជិត -៥០អង្សាសេ នៅផ្នែកជាច្រើនសាធារណៈរដ្ឋ Sakha ដែលស្ថិតនៅភាគឦសាននៃតំបន់ស៉ីបេរី និងមានទីក្រុងកំពង់ផែ Yakutsk ដែលជាទីក្រុងដ៏ត្រជាក់បំផុតមួយរបស់ពិភពលោក។

ដោយផ្ទៃដីស្ទើរតែទាំងអស់នៃសាធារណៈរដ្ឋ Sakha មានទីតាំងនៅលើស្រទាប់ទឹកកក រដ្ឋធានី Yakutsk ដែលនៅចម្ងាយប្រហែល ៥,០០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងមូស្គូ សីតុណ្ហភាពមានកម្រិតប្រហែលពីដក -៤៤ រហូតដល់ -៤៨អង្សាសេ។

នៅឯទីក្រុងមូស្គូវិញ ការធ្លាក់ព្រិលខ្លាំងបំផុតមិនធ្លាប់មាន បណ្តាលឲ្យមានការពន្យារពេលជើងហោះហើរ នៅអាកាសយានដ្ឋានមួយចំនួននាថ្ងៃចន្ទនេះ ហើយផ្លូវនានាគ្របដណ្តប់ទៅដោយព្រិលក្រាស់។ ចំណែកសីតុណ្ហភាពធ្លាក់ចុះដល់ -១៨អង្សាសេ។

គួរបញ្ជាក់ថា សីតុណ្ហភាពក្នុងកម្រិត -៥០អង្សាសេបែបនេះ បានក្លាយជារឿងដែលកើតមាន លែងសូវញឹកញាប់ប៉ុន្មានទៀតហើយ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ព្រោះតែការប្រែប្រួលអាកាសធាតុ ដោយស្រទាប់ដីឬថ្មកកៗនៅក្រោមសំបកភពផែនដីយើង កំពុងកើនឡើងសញ្ញានៃការរលាយ៕

 

ថដកស្រង់ពី៖ Fresh News