Social Network

អាស៊ាន-ចិន នឹងរិះរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន

  (ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្ត Anhui របស់ចិន ដឹកនាំដោយលោក Shan Xiangqian អភិបាលរងខេត្ត។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការបង្កើនទំនាក់ទំនងអាស៊ាន-ចិន និងរិះរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអាស៊ាន និងចិន រួមទាំងជាមួយខេត្ត Anhui នៅក្នុងវិស័យនានាដូចជា ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាដើម។

នៅព្រឹកថ្ងៃអង្គារដដែល បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Kim Hae-yong អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីគំនិតផ្តួចផ្ចើម និងគម្រោងនានារបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ស្របពេលដែលខួបអនុស្សាវរីយ៍ ៣៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កូរ៉េ នឹងឈានមកដល់នៅឆ្នាំ២០២៤។

នៅព្រឹកថ្ងៃអង្គារ អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការបោះពុម្ភសៀវភៅណែនាំ ស្តីពី «ការអនុវត្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច នៅក្នុងអាស៊ាន និងកូរ៉េ ៖ ផ្លូវឆ្ពោះទៅរកនិរន្តរភាព»។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានទទួលស្គាល់ពីការបន្តគាំទ្ររបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ចំពោះអាស៊ាន និងបានថ្លែងអំណរគុណចំពោះការបោះពុម្ពសៀវភៅណែនាំនេះ ដែលនឹងជួយគាំទ្រដល់ការ ចូលរួមរបស់វិស័យឯកជន ក្នុងការលើកកម្ពស់ការអនុវត្តធុរកិច្ចបៃតង និងដោយទទួលខុសត្រូវ រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ៕

ដកស្រង់ពី៖ Fresh News