Social Network

លេខអ្នកស្លាប់បន្តកើនដល់យ៉ាងហោច៤៨នាក់ បន្ទាប់ពីប្រទេសជប៉ុន រងគ្រោះ រញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រ

 អាជ្ញាធរជប៉ុន បានឱ្យដឹងកាលពីរសៀលថ្ងៃអង្គារថា តួលេខអ្នកស្លាប់ បានបន្តកើនដល់ ៤៨នាក់ បន្ទាប់ពី គ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីមួយថ្ងៃមុន។

បន្ទាប់ពីអគារជាច្រើនបានដួលរលំ បូករួមជាមួយអគ្គិភ័យ ដែលបង្កឡើងក្រោយគ្រោះរញ្ជួយដី ខេត្ត Ishikawa ដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ បានមើលឃើញ មនុស្សស្លាប់កើនដល់យ៉ាងហោច ៤៨ នាក់។

ទន្ទឹមគ្នានេះ ក៏មានសេចក្តីរាយការណ៍ពីការខូចខាត ឬរលំអគារ ព្រមទាំងមនុស្សរងរបួស និងអ្នក ជាប់ក្រោមគំនរបាក់បែក នៅតាមខេត្តដទៃទៀតផងដែរ។ កងកម្លាំងស្វ័យការពារ ត្រូវបានចល័តទៅកាន់ តំបន់ រងគ្រោះ ខណៈរដ្ឋាភិបាលជប៉ុន បានសន្យាបន្តផ្តល់ជំនួយបន្ថែមទៀត។

សូមបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារ ជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះ ជប៉ុនបានកត់ត្រាការកើតមានរំញ័រ សរុបយ៉ាង ហោច១៥៥លើក។

អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ ប៉ុន្តែកាលពីព្រឹកថ្ងៃអង្គារ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ នេះបើតាមការផ្សាយរបស់ AFP ។