Social Network

កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

 កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយរដ្ឋបាលនៃកម្មវិធីអាវុធរបស់ទីក្រុងសេអ៊ូល (DAPA) និយាយថាវាបានកើតឡើងនៅពេលដែលទីក្រុងសេអ៊ូលកំពុងសម្លឹងរកការលក់អាវុធបន្ថែមទៀតក្នុងតំបន់។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik ដែលកំពុងបំពេញទស្សនកិច្ចក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអូឌីត ក៏មានវត្តមានក្នុងអំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ DAPA កាលពីថ្ងៃចន្ទ កិច្ចព្រៀមព្រៀងនេះ នាំទៅដល់ការបង្កើតគណៈកម្មការរួមមួយ ដើម្បីបង្កើតជាក្រុមការងារសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធអាវុធ ក៏ដូចជាការផលិត។

យ៉ាងនេះក្តី អ្នកនាំពាក្យរបស់ DAPA មិនបានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតនោះទេ នៅពេលត្រូបានសាកសួរអំពីកិច្ចព្រមព្រៀងនេះនៅឯសន្និសីទសារព័ត៌មាន។

សូមបញ្ជាក់ថា កូរ៉េខាងត្បូង បាននិងកំពុងជំរុញការលក់អាវុធ ដើម្បីក្លាយខ្លួនជាប្រទេសផ្គត់ផ្គង់ដ៏ធំបំផុតមួយរបស់ពិភពលោក បើទោះបីជាមានការប្រកួតប្រជែងខ្លាំងពីសំណាក់ក្រុមហ៊ុននាំចេញអាវុធផ្សេងទៀតរបស់ពិភពលោកក៏ដោយ នេះបើតាមការផ្សាយរបស់ Reuters ។