Social Network

ហ្វីលីពីន នឹងបង្កើនវត្តមានយោធា នៅតាមដែនកោះទល់មុខតៃវ៉ាន់ ស្របពេលមានភាពតានតឹងជាមួយចិន

រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន បានបញ្ជាឱ្យយោធាបង្កើនចំនួនកងទ័ព ដែលឈរជើងតាមដែនកោះនៅចុង ភាគខាងជើងប្រទេស ពោលគឺ នៅទល់មុខកោះតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារទឹកដីរបស់ប្រទេស អាស៊ានមួយនេះ។

រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro ក៏បានអំពាវនាវផងដែរ ឱ្យបង្កើនការសាងសង់ មូលដ្ឋានបន្ថែម នៅប្រជុំកោះ Batanes ដែលមានចម្ងាយមិនដល់ ២០០គីឡូម៉ែត្រនោះឡើយពីកោះតៃវ៉ាន់ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានយោធាជើងទឹកមួយកន្លែងនៅទីនោះ កាលពីថ្ងៃអង្គារ។

ច្រក សមុទ្រ Bashi ដែលស្ថិតនៅរវាងប្រជុំកោះនោះ និងតៃវ៉ាន់ ត្រូវបានចាត់ទុកជាច្រកដ៏សំខាន់មួយសម្រាប់ នាវាធ្វើដំណើរចេញចូល រវាងតំបន់ប៉ាស៉ីហ្វិកខាងលិច ហើយនិងតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហា វិវាទ។ក្រសួងការពារជាតិតៃវ៉ាន់ ធ្លាប់អះអាងថា យោធាចិន តែងបញ្ជូននាវានិងយន្តហោះ ឆ្លងកាត់ច្រក សមុទ្រ នោះជាប្រចាំ។

សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែសីហា ឆ្នាំ២០២៣ យោធាអាមេរិកកំពុងស្ថិតក្នុងកិច្ចពិភាក្សា ដើម្បីអភិវឌ្ឍកំពង់ផែស៉ីវិលមួយ នៅប្រជុំកោះ Batanes។ កាលពី ឆ្នាំមុន ហ្វីលីពីន បានបង្កើនជិតទ្វេដងនូវចំនួនមូលដ្ឋានទ័ពរបស់ខ្លួន ដែលកងកម្លាំងយោធាអាមេរិក មាន សិទ្ធិប្រើប្រាស់បាន ក្នុងនោះរួមមាន៣កន្លែង នៅទល់មុខកោះតៃវ៉ាន់។

ចិន ដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកមិន អាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន បានរិះគន់ហ្វីលីពីននាពេលនោះថា កំពុងព្យាយាមដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់ នេះបើតាមការផ្សាយរបស់ Reuters ។