Social Network

ប៉េកាំង អំពាវនាវឲ្យកូរ៉េខាងត្បូង បន្តគោលនយោបាយវិជ្ជមានរបស់ខ្លួន ចំពោះចិន

 ក្នុងជំនួបតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាន និយាយថា ចិន សង្ឃឹមថា កូរ៉េខាងត្បូង នឹងបន្តគោលនយោបាយ «វិជ្ជមាន មានវត្ថុបំណង និងមិត្ត ភាព» ចំពោះទីក្រុងប៉េកាំង។

ក្រសួងការបរទេសចិន បានដកស្រង់សម្តី លោក Wang ដែលលើកឡើងថា ចិន និងកូរ៉េខាងត្បូង មានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ ហើយគួរតែធ្វើការរួមគ្នាដើម្បីរក្សាស្ថិរភាព និងលំហូរនៃខ្សែច្រវាក់ ឧស្សាហកម្ម និងការផ្គត់ផ្គង់ ដែលមានលក្ខណៈរលូននេះ។

រីឯក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលជជែកគ្នា លោករដ្ឋមន្រ្តី Cho Tae-yul បានស្នើដល់ចិនដើរតួនាទី ជាអ្នកស្ថាបនា ជុំវិញការកើនឡើងនូវការគំរាមកំហែងផ្នែកយោធាពីកូរ៉េខាងជើង ហើយជួយមិនឱ្យមានការនាំ ជនភៀសខ្លួនកូរ៉េខាងជើង ត្រឡប់ទៅប្រទេសខ្លួនវិញ ដែលប្រឆាំងនឹងឆន្ទៈរបស់ពួកគេ។

សូមបញ្ជាក់ថា ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនគ្នាជុំវិញស្ថានភាពនៅលើឧបទ្វីបកូរ៉េ និងរវាងប្រទេស ទាំងពីរ។ លោក Wang ក៏បានអញ្ជើញ លោក Cho ទៅកាន់ប្រទេសចិន ហើយថាប្រទេសទាំងពីរ នឹងបន្ត ពិភាក្សាគ្នាបន្ថែម អំឡុងពេលនៃដំណើរទស្សនកិច្ចនោះ នេះបើតាមការផ្សាយរបស់ Reuters ។