Social Network

កូរ៉េខាងជើង លុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ ជាមួយកូរ៉េខាងត្បូង

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សភាប្រជាជនកូរ៉េខាងជើង បានបោះឆ្នោតដើម្បីលុបចោលនូវរាល់កិច្ចព្រមព្រៀងទាំងអស់ជាមួយកូរ៉េខាងត្បូង ពាក់ព័ន្ធនឹងកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច។

សភាប្រជាជន ដែលជាអ្នកអនុម័តលើគោលនយោបាយរបស់គណបក្សពលករកំពុងកាន់អំណាច ក៏បាន បោះឆ្នោតលុបចោលច្បាប់គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពី ប្រតិបត្តិការនៃគម្រោងទេសចរណ៍នៅតំបន់ភ្នំ Kumgang ផងដែរ។

ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ដែលធ្វើការងារទាក់ទងជាមួយទីក្រុងព្យុងយ៉ាង បានឱ្យដឹងថា សកម្មភាពរបស់កូរ៉េខាងជើង មិនគួរឱ្យភ្ញាក់ផ្អើលទេ ហើយនឹងកាន់តែធ្វើឱ្យខ្លួនឯងឯកា។ ទីក្រុងសេអ៊ូល មិនទទួល ស្គាល់ទេ នូវការផ្លាស់ប្តូរជាឯកតោភាគីបែបនេះ។

សូមបញ្ជាក់ថា ដំណើរកម្សាន្តទៅកាន់ភ្នំ Kumgang នៅកូរ៉េខាងជើងជាប់ព្រំដែនភាគខាងកើត ជាមួយកូរ៉េ ខាងត្បូង គឺជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្តើមឡើងអំឡុងពេលនៃទំនាក់ទំនងរវាងកូរ៉េ ទាំងពីរ នាដើមឆ្នាំ២០០០ ដោយបានទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត ២លាននាក់។

ប៉ុន្តែគម្រោង នេះ ត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០០៨ បន្ទាប់ពីអ្នកទេសចរកូរ៉េខាងត្បូងម្នាក់ ដែលវង្វេងផ្លូវបានចូលទៅក្នុង តំបន់ហាមឃាត់ ហើយត្រូវឆ្មាំកូរ៉េខាងជើង បាញ់សម្លាប់។