Social Network

ប្រធានាធិបតីកូរ៉េខាងត្បូង ពន្យារពេលគម្រោងទស្សនកិច្ចទៅកាន់អាល្លឺម៉ង់និងដាណឺម៉ាក មុនការបោះឆ្នោតសភា

(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា លោក Yoon Suk Yeol បានសម្រេចចិត្តពន្យារពេលដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអាល្លឺម៉ង់និងដាណឺម៉ាក ដែលគ្រោងធ្វើឡើងនាសប្តាហ៍ក្រោយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ កន្លងមក លោក Yoon បានរៀបគម្រោងចេញដំណើរ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ឆ្ពោះទៅកាន់អាល្លឺម៉ង់ ដើម្បីបើកកិច្ចពិភាក្សាជាមួយ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល កាលពីខែឧសភា ឆ្នាំមុន ហើយបន្ទាប់ពីអាល្លឺម៉ង់ លោក Yoon នឹងបន្តដំណើរទៅទីក្រុងកូប៉ិនហាកបន្ថែមទៀត។

យ៉ាងណាមិញ ការិយាល័យលោក Yoon បានប្រកាសថា គម្រោងបំពេញទស្សនកិច្ចនេះ ត្រូវបានពន្យារពេលវិញ ក្រោយមានការពិចារណាលើបញ្ហាជាច្រើន និងការប្រឹក្សាជាមួយប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការពន្យារពេលទស្សនកិច្ចនៅប្រទេសខាងលើកើតមានឡើង ស្របពេលដែលគណបក្សរបស់លោក Yoon កំពុងព្យាយាមដណ្តើមកាន់កាប់ សំឡេងភាគច្រើន នៅសភាពីក្រុមប្រឆាំងមកវិញ តាមរយៈការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមេសា។

សមាជិកសភាបក្សប្រឆាំងមួយចំនួន ធ្លាប់ចោទលោក Yoon ថា ហាក់បំពេញទស្សនិច្ចចេញក្រៅប្រទេសញឹកញាប់ពេក ហើយមិនទទួលបានសមិទ្ធផលធំដុំអ្វីនោះឡើយ ខណៈការិយាល័យលោក បានច្រានចោលការចោទប្រកាន់នេះ៕

ដកស្រង់ពី៖ Fresh News