Social Network

លោក ចូ បៃដិន ទទូចប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែលម្តងទៀតថា ប្រជាជនស៉ីវិលប៉ាឡេស្ទីននៅទីក្រុង Rafah ចាំបាច់ត្រូវតែទទួលបានការការពារ

 (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទទូចសាជាថ្មីម្តងទៀតប្រាប់ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ថា លោកមិនគួរបើកប្រតិបត្តិការយោធាវាយលុកចូលក្នុងទីក្រុង Rafah ដោយមិនមានផែនការរឹងមាំច្បាស់លាស់ ដើម្បីផ្តល់ការការពារដល់ប្រជាជនស៉ីវិលប៉ាឡេស្ទីន ដែលកំពុងជ្រកកោននៅទីនោះឡើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ កិច្ចសន្ទនាតាមទូរស័ព្ទខាងលើរវាងមេដឹកនាំទាំងពីរ គឺជាលើកទី២ក្នុងពេលមិនដល់មួយសប្តាហ៍នោះទេ ដែលលោក បៃដិន បានព្រមានលោក Netanyahu ប្រឆាំងការបញ្ជូនកងទ័ពចូលវាយលុកទ្រង់ទ្រាយធំ ក្នុងទីក្រុង Rafah ដែលស្ថិតនៅព្រំប្រទល់ភាគខាងត្បូងនៃតំបន់ Gaza Strip ដោយមិនមានផែនការច្បាស់លាស់ ក្នុងការធានាសុវត្ថិភាពមនុស្សខ្ទង់១លាននាក់ ដែលបានរត់ភៀសខ្លួនពីការប្រយុទ្ធគ្នា ដើម្បីទៅជ្រកកោននៅទីនោះ។

បើតាមសេតវិមានអាមេរិក លោក បៃដិន និងលោក Netanyahu ក៏បានជជែកផងដែរអំពីដំណើរការចរចា ដើម្បីរំដោះចំណាប់ខ្មាំង ដែលបន្តជាប់ខ្លួននៅតំបន់ Gaza។ នាពេលនេះ អ៉ីស្រាអែលកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងៗពីអន្តរជាតិ ដែលចង់ឱ្យខ្លួនប្រកាន់ភាពអត់ធ្មន់ បន្ទាប់ពីបានប្តេជ្ញាថា នឹងបើកប្រតិបត្តិការយោធាវាយលុកចូលទីក្រុង Rafah ដែលជាកន្លែងជ្រកកោនសុវត្ថិភាពចុងក្រោយ នៅតំបន់ Gaza សម្រាប់ជនជាតិប៉ាឡេស្ទីន។

កន្លងទៅក្នុងខែកុម្ភៈនេះ លោក បៃដិន ក៏បានលើកឡើងដែរថា ប្រតិបត្តិការយោធារបស់អ៉ីស្រាអែលនៅ Gaza Strip គឺហាក់ជ្រុលហួសហេតុ ហើយលោកបានបង្ហាញក្តីកង្វល់ជាខ្លាំង ជុំវិញការកើនឡើងនៃចំនួនជនស៉ីវិលបាត់បង់ជីវិត នៅដែនដីប៉ាឡេស្ទីនមួយនេះ។

គួរបញ្ជាក់ថា សង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ Gaza Strip បានបញ្ជូនក្រុមអ្នកប្រយុទ្ធរបស់ខ្លួនជាច្រើន ឱ្យឆ្មក់ចូលលុកលុយអ៉ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល១,២០០នាក់ ភាគច្រើនជាជនស៉ីវិល និងចាប់មនុស្សជាង២៥០នាក់ទៀតធ្វើជាចំណាប់ខ្មាំង។

រីឯបើតាមអាជ្ញាធរតំបន់ Gaza ការធ្វើសង្រ្គាមសឹងសឹករបស់អ៉ីស្រាអែលទាំងតាមផ្លូវអាកាសនិងជើងគោក បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច២៨,៦៦៣នាក់ នៅទីនោះ៕

ដកស្រង់ពី៖ Fresh News