Social Network

កាណាដាបញ្ជូនទាហានទៅជួយបណ្តុះបណ្តាល កងកម្លាំងនៃក្រុមប្រទេសតំបន់សមុទ្រការីបង់ សម្រាប់បេសកកម្មហៃទី

 (អូតាវ៉ា)៖ ក្រសួងការពារជាតិកាណាដា បានប្រកាសឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា ប្រទេសកាណាដាបានបញ្ជូនកងទ័ពប្រមាណ៧០នាក់ ទៅកាន់ប្រទេសហ្សាម៉ាអ៉ីក ដើម្បីជួយបង្ហាត់បង្រៀនកងកម្លាំងមកពី ក្រុមប្រទេសនៃតំបន់សមុទ្រការីបង់ (Caribbean) ដែលត្រូវចូលរួមក្នុងបេសកកម្ម ដែលអនុញ្ញាតដោយអង្គការសហប្រជាជាតិ (UN) នៅឯប្រទេសហៃទី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៣ ប្រទេសកេនយ៉ាបានប្រកាសថា ខ្លួននឹងដឹកនាំកងកម្លាំងចម្រុះខាងលើ ដែលត្រូវបានបង្កើតឡើងក្រោមគោលដៅចម្បង ជួយប៉ូលិសនៅប្រទេសហៃទី ទប់ទល់ជាមួយពួកក្រុមជនអន្ធពាលដ៏មានឥទ្ធិពល ស្របពេលដែលការរីករាលដាលអំពើហិង្សាយ៉ាងខ្លាំងក្លា កំពុងដុតបញ្ឆេះវិបត្តិមនុស្សធម៌នៅទីនោះ។

យ៉ាងណាមិញ កិច្ចផ្តួចផ្តើមនេះបានជាប់គាំងនៅតុលាការកេនយ៉ា ចាប់តាំងតែពីពេលនោះមក ជាហេតុធ្វើឱ្យបេសកកម្ម មិនទាន់អាចចាប់ផ្តើមបាននៅឡើយ មកទល់ឥឡូវ។ ក្រសួងការពារជាតិកាណាដា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពកាណាដាខាងលើ ដែលមកពីខេត្ត Quebec ជាខេត្តសម្បូរអ្នកនិយាយភាសាបារាំងភាគច្រើន នឹងផ្តល់ការបណ្តុះបណ្តាលលើ ជំនាញស្នូលនៃកិច្ចការរក្សាសន្តិភាព ព្រមទាំងការសង្រ្គោះអាយុជីវិត។

បារាំងគឺជាភាសាមួយ ក្នុងចំណោមភាសាផ្លូវការទាំង២ របស់ប្រទេសហៃទី។ គួរបញ្ជាក់ថា កងទ័ពកាណាដានឹងត្រូវស្នាក់នៅប្រទេសហ្សាម៉ាអ៉ីក សម្រាប់រយៈពេលជាជំហានដំបូងគឺ១ខែ ហើយនឹងជួយបង្ហាត់បង្រៀន កងកម្លាំងប្រមាណ៣៣០នាក់ មកពីហ្សាម៉ាអ៉ីក បេលី និងបាហាម៉ា។

កាលពីខែកុម្ភៈ កាណាដាបានប្រកាសថា ខ្លួននឹងផ្តល់ថវិកាចំនួន៨០.៥លានដុល្លារកាណាដា ដើម្បីគាំទ្រដល់ការចេញបេសកកម្មហៃទី ដែលដឹកនាំដោយកេនយ៉ា៕

ដកស្រង់ពី៖ Fresh News