Social Network

ប៉ូលិសអ៉ីស្រាអែល ចាប់ខ្លួនប្អូនស្រីមេដឹកនាំក្រុមហាម៉ាស ក្នុងករណីស៉ើបអង្កេតភេរវកម្ម

 (ហ៊្សេរុយសាឡិម)៖ នាថ្ងៃចន្ទនេះ ប៉ូលិសអ៉ីស្រាអែលបាននិយាយថា ពួកគេបានចាប់ខ្លួនប្អូនស្រី របស់មេដឹកនាំក្រុមហាម៉ាសប៉ាឡេស្ទីន លោក Ismail Haniyeh ក្រោមក្របខណ្ឌនៃការស៉ើបអង្កេតភេរវកម្ម នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។ ប៉ូលិសអ៉ីស្រាអែលបានប្រាប់ថា លោកស្រី Sabah Abdel Salam Haniyeh ដែលមានសញ្ជាតិអ៉ីស្រាអែល ត្រូវបានចាប់ឃាត់ខ្លួន នៅក្រុង Tel Sheva ក្រោមក្របខណ្ឌ នៃការស៉ើបអង្កេតមួយ ដែលមានការចូលរួមពាក់ព័ន្ធពីសំណាក់ ទីភ្នាក់ងារសន្តិសុខអ៉ីស្រាអែល Shin Bet ផងដែរ។

បើតាមប៉ូលិសអ៉ីស្រាអែល លោកស្រីជាប់សង្ស័យថា មានទំនាក់ទំនងជាមួយបណ្តាញហាម៉ាស ឬជាសមាជិករបស់ក្រុមហាម៉ាសផ្ទាល់ ហើយបានញុះញង់និងគាំទ្រឱ្យមានសកម្មភាពភេរវកម្ម នៅក្នុងប្រទេសអ៉ីស្រាអែល។

គួរបញ្ជាក់ថា បងប្រុសរបស់លោកស្រី គឺលោក Ismail Haniyeh ដែលរស់នៅទីក្រុងដូហានៃប្រទេសកាតា គឺជាប្រធានផ្នែកខាងនយោបាយ របស់ក្រុមហាម៉ាស ដែលសព្វថ្ងៃកំពុងស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)៕

ដកស្រង់ពី៖ Fresh News