Social Network

អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេល១១ថ្ងៃ នៅប្រទេសចិន

  (តៃប៉ិ)៖ អតីតមេដឹកនាំកោះតៃវ៉ាន់ លោក Ma Ying-jeou បានចាកចេញពីតៃវ៉ាន់នាថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ច ដែលមានរយៈពេលសរុប១១ថ្ងៃ ទៅកាន់ប្រទេសចិន ហើយអំឡុងពេលនោះ រូបលោកក៏ត្រូវគេរំពឹងថា អាចនឹងជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ថែមទៀតផង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។ លោក Ma ដែលធ្លាប់ជាមេដឹកនាំតៃវ៉ាន់ កាលពីចន្លោះឆ្នាំ២០០៨-២០១៦ បានក្លាយជាអតីតមេដឹកនាំដំបូងបង្អស់របស់ដែនកោះនេះ ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីឆ្នាំ២០២៣។

ចាប់តាំងពីតៃវ៉ាន់ចាញ់សង្រ្គាមស៉ីវិល កាលពីឆ្នាំ១៩៤៩មក មិនធ្លាប់មានមេដឹកនាំតៃវ៉ាន់ណា ទៅទស្សនកិច្ចនៅចិន ទាំងខ្លួនកំពុងកាន់អំណាច នោះឡើយ។ ដែនកោះនេះត្រូវទីក្រុងប៉េកាំងចាត់ទុកជាផ្នែកនៃប្រទេសចិន ហើយចិនបានបង្កើនសម្ពាធយ៉ាងខ្លាំង ទាំងផ្នែកនយោបាយនិងការទូត លើតៃវ៉ាន់។

គួរបញ្ជាក់ថា លោក Ma ធ្លាប់បានជួបលោក ស៉ី ជីនពីង ជាលើកដំបូង នៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥ ខណៈជំនួបកំពូលនោះ កើតមានឡើងមិនយូរប៉ុន្មានឡើយ មុនពេលមេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន គឺលោកស្រី Tsai Ing-wen ជាប់ឆ្នោត។

លោក Ma ព្រមទាំងរដ្ឋាភិបាលចិន មិនបានទទួលស្គាល់ផ្លូវការ អំពីលទ្ធភាពនៃការជួបជាមួយលោក ស៉ី អំលុងទស្សនកិច្ចថ្មីចុងក្រោយនេះឡើយ ប៉ុន្តែវាត្រូវបានរាយការណ៍ព្រោងព្រាត ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់។

បើតាមប្រភពដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន ជំនួបរវាងលោក Ma និងលោក ស៉ី ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅទីក្រុងប៉េកាំង នាថ្ងៃចន្ទសប្តាហ៍ក្រោយ៕

ដកស្រង់ពី៖ Fresh News