Social Network

ចំនួនអ្នកស្លាប់ដោយការបាក់ដីនៅឥណ្ឌូណេស៊ី កើនដល់២៣នាក់ហើយ

ចំនួនអ្នកស្លាប់ដោយសារការបាក់ដី នៅជិតអណ្តូងរ៉ែមាសខុសច្បាប់មួយនៅលើកោះ Sulawesi ភាគ កណ្តាលប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ 23 នាក់ហើយ ខណៈ 35 នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ នេះបើតាមមន្ត្រីម្នាក់ បានឲ្យដឹងកាលពីថ្ងៃអង្គារ។

អណ្តូងរ៉ែ ដែលគ្មានអាជ្ញាប័ណ្ណ គឺជារឿងធម្មតានៅប្រជុំកោះអាស៊ីអាគ្នេយ៍ ដែលសម្បូរទៅដោយសារធាតុរ៉ែមួយនេះ ពិសេសអណ្តូងរ៉ែ ដែលត្រូវបានគេបោះបង់ចោល ហើយទាក់ទាញអ្នកស្រុក ដែលស្វែងរករ៉ែមាសនៅសល់ ដោយគ្មានឧបករណ៍សុវត្ថិភាពត្រឹមត្រូវ។

សូមបញ្ជាក់ថា មានការបាក់ដី១ បានវាយប្រហារភូមិដាច់ស្រយាលមួយក្នុងស្រុក Bone Bolango នៃខេត្ត Gorontalo កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ មន្ត្រីរុករក និងសង្គ្រោះ បាននិយាយថា ជនរងគ្រោះខ្លះ ជាកម្មកររ៉ែ ខណៈអ្នកខ្លះទៀតជាអ្នកធ្វើតូបលក់ដូរនៅក្បែរអណ្តូងរ៉ែ។

មនុស្សជាង 270 នាក់ រួមទាំងមន្រ្តីប៉ូលីស និងទាហាន ត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃប្រតិបត្តិការ ជួយសង្គ្រោះក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។ ប្រទេសឥណ្ឌូណេស៊ី ងាយនឹងមានការបាក់ដីក្នុងរដូវវស្សា ចន្លោះខែវិច្ឆិកា ដល់ខែមេសា ប៉ុន្តែខែកក្កដា ជាធម្មតាជារដូវប្រាំង ហើយភ្លៀងធ្លាក់ខ្លាំង គឺកម្រណាស់ នេះ បើតាមការផ្សាយរបស់ CNA សឹង្ហបុរី។