Social Network

តុលាការថៃ កំណត់ថ្ងៃទី២៤ កក្កដា ជាថ្ងៃបើកសវនាការបន្ទាប់លើសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី

 តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធ បានកំណត់យកថ្ងៃទី 24 ខែកក្កដា ជាថ្ងៃសវនាការបន្ទាប់សម្រាប់សំណុំរឿង ដែលស្វែងរកការបណ្តេញលោកនាយករដ្ឋមន្ត្រី Srettha Thavisin ចេញពីតំណែង ខណៈដែលខ្លួន កំពុងស្វែងរកភស្តុតាងបន្ថែមទៀត។ តុលាការ បាននិយាយនៅដើមខែនេះថា សំណុំរឿងនេះ នឹងឈានដល់ការប្រកាសសាលក្រម មុនខែកញ្ញា។ សំណុំរឿងប្រឆាំងនឹងលោក Srettha ត្រូវបានចាប់ផ្តើម បន្ទាប់ពីមានបណ្តឹងរបស់សមាជិកព្រឹទ្ធសភា ដែលតែងតាំងដោយយោធាចំនួន ៤០ នាក់ កាលពីខែឧសភា ដែលត្រូវបានទទួលយកជាបន្តបន្ទាប់ដោយតុលាការធម្មនុញ្ញ។ សំណុំរឿងនេះដែរ ក៏កំពុងត្រូវបានស៊ើបអង្កេត រួមជាមួយនឹងបណ្តឹងមួយទៀត ដែលទាមទារឱ្យរំលាយគណបក្សប្រឆាំង Move Forward ដែលជាអ្នកឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំមុន និងជាគណបក្សធំជាងគេនៅក្នុងសភា នេះបើតាមការផ្សាយរបស់ Reuters។