Social Network

ចិន និងរុស្ស៉ី ចាប់ផ្ដើមធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្នុងតំបន់សមុទ្រចិនខាងត្បូង

 កាសែតរដ្ឋចិន Global Times បានផ្សាយថា ចិន និងរុស្ស៉ី បានចាប់ផ្ដើមសមយុទ្ធជើងទឹកបាញ់គ្រាប់ពិត នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ស្របពេលប្រទេសទាំង២ បាននិងកំពុងពង្រឹងទំនាក់ទំនងយោធា និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ ប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។

បើតាម Global Times ចិន និងរុស្ស៉ី បានដាក់ពង្រាយនាវាចម្បាំង៣គ្រឿងរៀងៗខ្លួន សម្រាប់ការធ្វើសមយុទ្ធរយៈពេល៣ថ្ងៃ ដែលត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសទាំង២ ដឹកនាំប្រតិបត្តិការល្បាតជើងទឹករួមគ្នានៅតំបន់ប៉ាស៊ីហ្វិកខាងជើង។

នៅក្នុងសមយុទ្ធនេះដែរ នាវាចម្បាំងចិន និងរុស្ស៉ី នឹងហ្វឹកហាត់រួមគ្នាជាមួយការបាញ់គ្រាប់ពិត ការស៊ើបការណ៍ ការជួយសង្រ្គោះ និងតាមស្វែងរក ព្រមទាំងការព្រមានអាសន្នជាមុនផងដែរ។

សូមបញ្ជាក់ថា ចិន បានទាមទារសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ក្នុងនោះរួមមានទាំងតំបន់ជម្លោះជាមួយហ្វីលីពីន នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាទីដែលទីក្រុងម៉ានីល បានរក្សាទុកខ្មោចនាវាចម្បាំងមួយគ្រឿងនៅទីនោះ ក្នុងឆ្នាំ១៩៩៩ ដើម្បីបញ្ជាក់ពីអធិបតេយ្យរបស់ខ្លួនលើតំបន់ថ្មប៉ប្រះទឹកនេះ នេះបើតាមការផ្សាយរបស់ Reuters។