Social Network

លោក ដូណាល់ ត្រាំ ថា តៃវ៉ាន់គួរតែបង់លុយឱ្យអាមេរិក សម្រាប់ថ្លៃជួយការពារប្រឆាំងចិន

 កាលពីថ្ងៃអង្គារ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តៃវ៉ាន់ គួរតែបង់ថ្លៃ ការពារឱ្យមកសហរដ្ឋអាមេរិក ក្នុងបទសម្ភាសន៍មួយ ដែលបានជះភាពស្រពេចស្រពិលលើទំនាក់ទំនង រវាង ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតៃប៉ិ ប្រសិនបើលោកជាប់ឆ្នោតសាrជាថ្មី នៅខែវិច្ឆិកា ឆ្នាំនេះ។

ក្នុងកិច្ចសម្ភាសន៍មួយ Bloomberg Businessweek ដែលចេញផ្សាយកាលពីថ្ងៃអង្គារ អតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានសាកសួរថា តើរូបលោក នឹងការពារកោះតៃវ៉ាន់ប្រឆាំងចិនដែរឬទេ។ លោក ត្រាំ បានឆ្លើយតបថា «ពួកគេ (តៃវ៉ាន់) បានយកប្រហែល១០០ភាគរយ នៃអាជីវកម្មបន្ទះឈីបរបស់យើង។

ដូច្នេះហើយ ខ្ញុំ យល់ថា តៃវ៉ាន់គួរតែបង់លុយឱ្យយើងវិញសម្រាប់ការការពារពួកគេ។ តើអ្នកដឹងទេ? យើងមិនខុសអ្វីពីក្រុមហ៊ុនធានារ៉ាប់រងឡើយ ប៉ុន្តែតៃវ៉ាន់ មិនបានផ្តល់អ្វីឱ្យយើងសោះ»។

សូមបញ្ជាក់ថា តៃវ៉ាន់ ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន។ ស្របពេលទីក្រុងវ៉ាស៉ីនតោន មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយនោះ សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់ទីក្រុងតៃប៉ិ។

កាលពីពេលថ្មីៗកន្លងទៅនេះ អាមេរិក បានអនុម័តកញ្ចប់ជំនួយយោធាទំហំរាប់សិបពាន់លានដុល្លារ ដែលមានគោលដៅទប់ទល់ចិន នៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក នេះបើតាមការផ្សាយរបស់ AFP ។