Social Network

រដ្ឋមន្រ្តីការបរទេសបេឡារុស ទៅដល់កូរ៉េខាងជើង ដើម្បីបំពេញទស្សនកិច្ច៤ថ្ងៃ

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃពុធ បានផ្សាយថា ប្រមុខការទូតនៃប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី បានធ្វើដំណើរមកដល់ទីក្រុងព្យុងយ៉ាង ដើម្បីបំពេញទស្សនកិច្ច រយៈពេលសរុប ៤ថ្ងៃ។

តបតាមការអញ្ជើញរបស់ក្រសួងការបរទេសកូរ៉េខាងជើង លោក Maxim Ruzenkov រដ្ឋមន្រ្តីការបរទេស បេឡារុស បានមកដល់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ ដើម្បីបំពេញទស្សនកិច្ចផ្លូវការមួយ។

ក្នុងពិធីស្វាគមន៍គណៈប្រតិភូបេឡារុស រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បាន លើកឡើងថា កូរ៉េខាងជើង នឹងជំរុញទំនាក់ទំនងជាមួយទីក្រុងមីនស្កិ៍ ឱ្យស៉ីជម្រៅក្នុងគ្រប់វិស័យទាំងអស់ ដើម្បីបើកយុគសម័យថ្មីនៃទំនាក់ទំនងប្រសើរឡើងរវាងប្រទេសទាំងពីរ។

រីឯលោក Ruzenkov វិញ បាន និយាយថា ប្រធានាធិបតីបេឡារុស លោក Alexander Lukanshenko និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សុទ្ធតែមានក្តីសង្ឃឹមដូចគ្នាថា នឹងអាចធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពជិតស្និទ្ធ។

សូមបញ្ជាក់ថា ទស្សនកិច្ចខាងលើធ្វើឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបំពេញ ទស្សនកិច្ចមកកាន់កូរ៉េខាងជើង កាលពីខែមិថុនាកន្លងទៅ ដែលជាលើកដំបូងបំផុត ក្នុងរយៈពេលប្រមាណ ២៤ឆ្នាំ នេះបើតាមការផ្សាយរបស់ AFP ។