Social Network

បាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើង ធ្លាក់ក្នុងបរិវេណវិមានប្រធានាធិបតីកូរ៉េខាងត្បូង

ក្រុមមន្ត្រីសន្តិសុខកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា បាឡុងផ្ទុកសំរាមមួយចំនួនបង្ហោះដោយកូរ៉េខាងជើង បានធ្លាក់ក្នុងបរិវេណវិមានប្រធានាធិបតី កាលពីថ្ងៃពុធ ដោយជំរុញឱ្យសេអ៊ូល ដាក់ពង្រាយក្រុមអ្នកជំនាញខាងសារធាតុគីមី។

នេះជាលើកដំបូងបំផុត ដែលបាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើង ធ្លាក់ក្នុងបរិវេណការិយាល័យមេដឹកនាំកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូល ដែលត្រូវបានការពារយ៉ាងមាំទាំដោយទាហានជាច្រើន និងជាតំបន់គ្មានការហោះហើរ ។

មន្ត្រីសន្តិសុខប្រចាំវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់បន្តថា ក្រុមអ្នកជំនាញខាងសារធាតុគីមី ជីវសាស្ត្រ និងសារធាតុវិទ្យុសកម្ម បានប្រមូលបាឡុងសំរាម ទាំងនោះដោយសុវត្ថិភាព ហើយក្រោយការវិភាគ ជាលទ្ធផលបញ្ជាក់ថា មិនមានសារធាតុគ្រោះថ្នាក់ ឬសារធាតុចម្លងជំងឺណាមួយ ត្រូវបានរកឃើញនោះទេ។

អាជ្ញាធរទីក្រុងសេអ៊ូល បានចេញសារអាសន្ននៅព្រឹកថ្ងៃពុធ ជាមួយការព្រមានកុំឱ្យប៉ះពាល់បាឡុងទាំងនោះឱ្យសោះ ហើយបើប្រទះឃើញ ត្រូវរាយការណ៍ជូនអាជ្ញាធរ។

សូមបញ្ជាក់ថា នេះ គឺជាលើកទី១០ផងដែរ ដែលកូរ៉េខាងជើង បានបង្ហោះបាឡុងផ្ទុកសំរាមចូលដីកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០២៤នេះ ជាការសងសឹកទៅនឹងសកម្មជនកូរ៉េខាងត្បូង ដែលបង្ហោះបាឡុងសណ្ដោងខិត្តប័ណ្ណរិះគន់របបដឹកនាំ លោក គីម ជុងអ៊ុន ចូលក្នុងដីកូរ៉េខាងជើង។