Social Network

UEFA គំរាមដកសិទ្ធិជម្រើសជាតិអង់គ្លេស និងរុស្ស៊ី ចេញពី Euro 2016 ប្រសិនបើមានផ្ទុះហិង្សាម្តងទៀត

(ប៉ារីស)៖ សហព័ន្ធគ្រប់គ្រង កីឡាបាល់ទាត់ ប្រចាំទ្វីបអឺរ៉ុប UEFA គំរាមចាត់វិធាន ការក្តៅទៅលើក្រុម ជម្រើសជាតិអង់គ្លេស និងរុស្ស៊ី ប្រសិនអ្នកគាំទ្រ ផ្ទុះហិង្សាដាក់គ្នា ជាលើកទី២ ក្នុងព្រឹត្តិការណ៍ បាល់ទាត់ Euro 2016 នៅប្រទេសបារាំង ដែលដំណើរ ការបាន៣ថ្ងៃ មកហើយនេះ ។

សារព័ត៌មាន Dailymail បានធ្វើការដកស្រង់ សេចក្តីថ្លែងការណ៍របស់ UEFA ឲ្យដឹងថា «ការខកចិត្ត នឹងកើតឡើង ចំពោះ ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស និងរុស្ស៊ី ប្រសិនបើអ្នកគាំទ្រ នៅតែមិនអាចគ្រប់គ្រង ស្ថានការណ៍ចំពោះ លទ្ធផលក្រុមជម្រើសជាតិ របស់ខ្លួនទទួលបាននោះ ហើយបេសកកម្ម របស់អង់គ្លេស និងរុស្ស៊ី នឹងត្រូវបានបញ្ចប់ភ្លាមៗ ករណីណាមានផ្ទុះហិង្សា ជាលើកទី២ ទៀតនោះ » ។

សូមបញ្ជាក់ផងដែរ ការគំរាមចាត់ វិធាការណ៍ក្តៅបែបនេះ គឺបានកើតឡើង នៅក្រោយពេល ក្រុមអ្នកគាំទ្រ ក្រុមបាល់ទាត់ ជម្រើសជាតិរុស្ស៊ី បានបង្កហិង្សាទៅ លើក្រុមអ្នកគាំទ្រ អង់គ្លេស ដែលបណ្តាល ឲ្យមានមនុស្ស ២០នាក់ ចូលពេទ្យ ក្នុងនោះមាន ២នាក់ រងរបួសធ្ងន់ ក្រោយពេលក្រុមទាំង ពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីរាត្រីថ្ងៃសៅរ៍ ទី១១ មិថុនា ប្រកួតសន្សំ ពិន្ទុក្នុងពូល B ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រទាំងនេះ បានប៉ះទង្គិចគ្នា រយៈពេល ៣ថ្ងៃ មកហើយ ក្នុងទីក្រុង Marseille មុនការប្រកួត មកដល់ទៀត។

តែយ៉ាងណាក៏ដោយ UEFA ក៏បានប្រកាសបើក ការស៊ើបអង្កេត រួចហើយម្សិលមិញនេះ ចំពោះរឿង ហេតុដែលបាន កើតឡើង លទ្ធផលស្តែងចេញ ជាផ្លូវការនៅ ថ្ងៃអង្គារស្អែក ដោយរង់ចាំមើល ទាំងអស់គ្នា ថាតើ UEFA ដាក់ទោសក្រុម ទាំងពីរខាងលើយ៉ាងណា ពិន័យជាប្រាក់ ប្រកួតបិទទ្វារ ឬក៏កាត់ពិន្ទុ ?

ដកស្រង់ពី៖ freshnews