Social Network

អូបាម៉ា​ព្រមាន​ពី​បញ្ហា​កំណើន​សេដ្ឋកិច្ច​សកល ​បន្ទាប់​ពី​អង់គ្លេស​សម្រេច​ចាក​ចេញ​ពី​ប្លុក​អឺរ៉ុប

ប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងថា ការបោះឆ្នោត សម្រេចចាកចេញ ពីសហភាពអឺរ៉ុប របស់អង់គ្លេសបានបង្កឲ្យមាន ក្ដីបារម្ភរ យៈពេលវែង ចំពោះកំណើនសេដ្ឋកិច្ចសកល។

សារព័ត៌មាន BBC បានដកស្រង់ សម្ដីលោក អូបាម៉ា ដែលបានថ្លែងថា ការចាកចេញ របស់អង់គ្លេស នឹងធ្វើឲ្យ លទ្ធភាព នៃការវិនិយោគ នៅអង់គ្លេស ឬ នៅអឺរ៉ុបទាំងមូល ត្រូវជាប់គាំង។ លោក អូបាម៉ា ក៏បានអំពាវនាវទៅ នាយករដ្ឋមន្ត្រី អង់គ្លេស លោក ដេវីដ ខេមេរូន និង មេដឹកនាំ អឺរ៉ុបដទៃទៀត ឲ្យធានា នូវដំណើរការ ដ៏រលូនមួយ សម្រាប់ការ ចាកចេញ របស់អង់គ្លេស។

មេដឹកនាំ ប្លុកអឺរ៉ុប កាលពីប៉ុន្មានថ្ងៃ មកនេះ បានព្រមានថា អង់គ្លេស ត្រូវតែគោរព គោលការណ៍ការ ធ្វើដំណើរដោយសេរី របស់ប្រជាជន ប្រសិនបើ ប្រទេសនេះ ចង់រក្សាឱកាស ចូលក្នុងទីផ្សាររួម មួយនេះ។ មេដឹកនាំ នៃសហគមន៍ មានសមាជិក ២៧ប្រទេសមួយនេះ បានជួបប្រជុំគ្នា នៅទីក្រុងប៊្រុចសែល ដោយមិនមានវត្តមាន មេដឹកនាំអង់គ្លេស ជាលើកដំបូង នៅក្នុង រយៈពេលជាង៤០ឆ្នាំ ចុងក្រោយនេះ។

លោក អូបាម៉ា បានលើកឡើង អំពីការចាកចេញ របស់អង់គ្លេស ពីប្លុកអឺរ៉ុប នៅឯជំនួបកំពូល មេដឹកនាំកាណាដា និង ម៉ិកស៊ិក នៅទីក្រុងអូតាវ៉ា។ លោកបន្តថា ការប្រុងប្រៀងខ្លួន របស់បណ្ដាធនាគារកណ្ដាល និង ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ បង្ហាញថា សេដ្ឋកិច្ចសកល នៅក្នុងរយៈពេលខ្លីនេះ នឹងនៅតែរក្សាបាន ភាពរឹងមាំ។ ប៉ុន្តែ លោកបន្ថែមថា នឹងមានក្ដីបារម្ភ រយៈពេលវែង អំពីកំណើន សេដ្ឋកិច្ច នៅចំពោះមុខ បញ្ហាកំពុង កើតឡើងនៅអឺរ៉ុប៕ អង់គ្លេស បានបោះឆ្នោតប្រជាមតិ សម្រេចចាកចេញ ពីសហភាព អឺរ៉ុបកាលពី ថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន៕

 ដកស្រង់ពី៖ VOD