Social Network

ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​រថយន្ត​ធុន​ធ្ងន់​មួយ​បាន​សម្លាប់​មនុស្ស​ជាង​៤០នាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី

មនុស្សជាង៤០នាក់ បានត្រូវសម្លាប់ ហើយរាប់សិបនាក់ទៀត បានរងរបួស នៅក្នុងទីក្រុង Qamishi ភាគឦសាន្ត ប្រទេសស៊ីរី បន្ទាប់ពីការ ផ្ទុះគ្រាប់បែកអត្តឃាត ក្នុងរថយន្តធុនធ្ងន់មួយដែលអះអាង ទទួលខុសត្រូវ ដោយក្រុមរដ្ឋឥស្លាម។

លោក Zana Omar អ្នកយកព័ត៌មាន ផ្សាយជាភាសា Kurds បានស្ថិតក្នុងចំណោម អ្នកត្រូវរបួស នៅក្នុងការផ្ទុះ នៅជិតព្រំដែន ប្រទេសតួកគី។ លោកបានប្រាប់ថា «ការផ្ទុះនោះ បានកើតមានឡើង នៅចម្ងាយប្រហែល ៥ម៉ែត្រ ពីអាគារ Apartment របស់ខ្ញុំ។ប្រពន្ធខ្ញុំ កូន២នាក់ និង រូបខ្ញុំ បានត្រូវរបួស នៅក្នុងការ វាយប្រហារនេះ។ ផ្ទះរបស់ខ្ញុំ ត្រូវបានបំផ្លាញទាំងស្រុង‍»។

លោក ក៏បាននិយាយបន្តទៀតថា សាច់ញាតិខ្លះ របស់គាត់នៅក្នុង សង្កាត់នោះ ក៏បានបាត់ខ្លួន បន្ទាប់ពីការផ្ទុះ នោះហើយពួកគេ ប្រហែលកប់ នៅក្នុង កម្ទេចបាក់បែកនោះ។ លោក Rami Abdel Rahman នៃអង្គការ សិទ្ធិមនុស្ស Syrian Observatory បានប្រាប់ បណ្តាញព័ត៌មាន ផ្សាយជាភាសាអារ៉ាប់ថា គ្រាប់បែក ផ្ទុកក្នុងរថយន្តធុនធ្ងន់ បានកម្ទេច ផ្នែកខាងមុខ របស់ទីស្នាក់ការ ធំរបស់ពួកកងជីវពល Kurds ដែលត្រួតត្រា ផ្នែកខាងលិចទីក្រុង Qamishli ។

រដ្ឋាភិបាលស៊ីរី បានត្រួតត្រា ទីក្រុងនោះ មួយផ្នែកទៀត រួមមាន ចំណតអាកាសយានផង។ ក្រុមរដ្ឋឥស្លាម បានអះអាង ទទួលខុសត្រូវ ចំពោះការវាយប្រហារនោះ តាមរយៈសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅគេហទំព័រ Aamaq ដែលបាននិយាយថា ខ្លួន បានវាយប្រហារ ទៅលើ កងកម្លាំងសន្តិសុខ Kurds។

ក្រុមរដ្ឋឥស្លាម បានប្រយុទ្ធជាមួយ ពួកកងជីវពល Kurds ដែលគាំទ្រដោយ សហរដ្ឋអាមេរិក កងកម្លាំង ប្រជាធិបតេយ្យស៊ីរី ដើម្បីត្រួតត្រា ទឹកដីដ៏ធំល្វឹងល្វើយ នៅភាគខាងជើង ប្រទេសស៊ីរី រួមមាន ទីក្រុង Manbij និង ទីក្រុង Aleppo ភាគខាងជើងផង៕


លោក Zana Omar អ្នកយកព័ត៌មានឲ្យ VOAផ្សាយជាភាសា Kurds បានស្ថិតក្នុងការចំណោមអ្នករងគ្រោះ នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តពីរដង នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

ដកស្រង់ពី៖ VOA