Social Network

សហរដ្ឋ​អាមេរិក​លើក​ទឹកចិត្ត​ឲ្យមាន​ការចរចារ​ដោយ​ផ្ទាល់​រវាង​ប្រទេស​ចិន និង​ហ្វីលីពីន ពាក់ព័ន្ធ​ជម្លោះ​ដែនទឹក

សហរដ្ឋអាមេរិក និយាយថា ខ្លួនមានទំនុកចិត្ត ចំពោះឆន្ទៈរបស់ ប្រទេសចិន និង ប្រទេសហ្វីលីពីន ក្នុងការមាន កិច្ចពិភាក្សា ដោយផ្ទាល់ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិន ខាងត្បូង បន្ទាប់ពី មានការ កាត់សេចក្តី របស់តុលាការ យុត្តិធម៌អន្តរជាតិ ប្រឆាំងនឹង ការទាមទាររបស់ចិនមក។

លោកចៅក្រម Peter Tomka ប្រធានតុលាការយុត្តិធម៌អន្តរជាតិ មកជាអធិបតីភាពក្នុងការកាត់ក្តីទៅលើជម្លោះសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និង ប្រទេសហ្វីលីពីន។

នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃពុធ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក John Kerry បានជួបប្រជុំ ជាមួយ នឹង មន្ត្រីជាន់ខ្ពស់ ហ្វីលីពីន ដោយក្នុងនោះ មានលោកប្រធានាធិបតីថ្មី របស់ហ្វីលីពីន គឺលោក Duterte ផងដែរ។ នេះជាកិច្ចប្រជុំដំបូងបង្អស់ រវាងមេដឹកនាំ ទាំងពីរ បន្ទាប់ពីប្រទេសចិន បានប្រឆាំងការ សម្រេចរបស់តុលាការ យុត្តិធម៌អន្តរជាតិ រួចមក។

នៅឯសន្និសីទ រួមគ្នាមួយ ជាមួយ រដ្ឋមន្ត្រីការបរទេស ហ្វីលីពីន លោក Perfecto Yasay លោក Kerry បានលើកឡើងថា សហរដ្ឋអាមេរិក លើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធ ទាំងអស់ រួមទាំងប្រទេសចិន និង ប្រទេសហ្វីលីពីន ផងដែរឲ្យ «ធ្វើការចរចារ និង ធ្វើការជាមួយគ្នា តាមផ្លូវការទូត ទ្វេភាគី ពហុភាគី និង កសាងទំនុកចិត្ត ដើម្បីរិះរក មធ្យោបាយ ដោះស្រាយបញ្ហា‍»។

មន្ត្រីការទូត កំពូល សហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រទេសចិន បានបង្ហាញ ឆន្ទៈរបស់ខ្លួន និង ត្រៀមរួចជាស្រេច ក្នុងការចរចារ ទ្វេភាគី ជាមួយ ប្រទេសហ្វីលីពីន កាលពី ថ្ងៃអង្គារ មួយថ្ងៃ បន្ទាប់ពីលោក Kerry ជួបជាមួយ រដ្ឋមន្ត្រីការបរទេស ចិន Wang Yi។

ទោះបីជាអ្នកខ្លះ យល់ថានេះ ជាការបង្វែងជំហរ សហរដ្ឋអាមេរិក ក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់ ការបរទេសសហរដ្ឋអាមេរិក មួយរូបបានបញ្ជាក់ថា រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន មិនដែលប្រឆាំង មិនឲ្យមានកិច្ចពិភាក្សា ដោយផ្ទាល់រវាង រដ្ឋាភិបាលក្រុងប៉េកាំង និង រដ្ឋាភិបាលក្រុងម៉ានីល ទេ ហើយក្នុងនោះដែរ ការចរចារ ទ្វេភាគី គឺ នៅតែជាជម្រើស មួយក្នុងចំណោមនោះផងដែរ។

មន្ត្រីរូបនោះក៏បាន បញ្ជាក់ដែរថា អ្វីដែល សហរដ្ឋអាមេរិក ប្រឆាំងនោះ គឺការប្រើប្រាស់ ការចរចារ ដោយផ្ទាល់ណាមួយ រវាងប្រទេស ដែលមានជម្លោះ នៅក្នុង សមុទ្រចិន ខាងត្បូងទាំងអស់ ជាលក្ខខ័ណ្ឌ កំណត់ទុកមុន៕

ដកស្រង់ពី៖ VOA